ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា

    BY autoadmin September 19, 2022
    អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា

    យោងតាមការបង្ហោះនៅលើហ្វេសប៊ុកដោយ Khaosod បានឱ្យដឹងថា អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទនេះផ្ទាល់ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា សម្រាប់គោលបំណងកម្សាន្តអារម្មណ៍។ សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអ្នកជំនាញចំនួន ១,៣៦៥ នាក់ បានបញ្ជាក់ថា ភាពមិនទាន់ច្បាស់លាស់ផ្នែកច្បាប់នាពេលបច្ចុប្បន្ននេះ បានអនុញ្ញាតឱ្យយុវជន និងជនដែលងាយរងគ្រោះ មានសិទ្ធិប្រើប្រាស់កញ្ឆាដោយសេរីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ខណៈដែលប្រទេសនេះកំពុងរង់ចាំច្បាប់ពាក់ព័ន្ធនឹងកញ្ឆាផ្លូវការមួយ។

    ក្រុមម្ចាស់ហត្ថលេខីបាននិយាយថា កញ្ឆាមានឥទ្ធិពលអវិជ្ជមានលើការអភិវឌ្ឍខួរក្បាលរបស់កុមារ និងក្មេងជំទង់ ហើយវាពិតជាបង្ក «ការគំរាមកំហែងដល់ប្រព័ន្ធសុខភាពសាធារណៈ និងរយៈពេលខ្លី ក៏ដូចជាសុខភាពរយៈពេលវែងរបស់ប្រជាជន»។ ពួកគេបន្ថែមថា កញ្ឆាសម្រាប់គោលបំណងកម្សាន្តអារម្មណ៍បានជ្រៀតចូលសហគមន៍ ដូច្នេះពួកគេចង់ឱ្យការប្រើប្រាស់កញ្ឆាត្រូវបានផ្តន្ទាទោស រហូតដល់ច្បាប់ព្រាងត្រូវបានអនុម័ត។

    រំលឹកផងដែរថា ប្រទេសថៃបានធ្វើឱ្យស្របច្បាប់សម្រាប់ការដាំដុះ និងការប្រើប្រាស់កញ្ឆាមានកម្រិត នៅក្នុងម្ហូបអាហារ និងភេសជ្ជៈ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្មានខែមុននេះ ដែលនាំឱ្យខ្លួនក្លាយជាប្រទេសដំបូងនៅអាស៊ី ដែលអនុញ្ញាតឱ្យមានច្បាប់បែបនេះ ខណៈក៏បានឱ្យមានភាពចម្រូងចម្រាសនៅក្នុងចំណោមអ្នកជំនាញសុខាភិបាលផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ហ្វេសប៊ុក KhaosodEnglish

    Share This Post: