អន្តរជាតិ

ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy​ បានប្រាប់កងកម្លាំង​រុស្ស៊ី​ឱ្យចុះចាញ់ ឬចាកចេញពីប្រទេសរបស់ខ្លួន

BY
autoadmin
September 20, 2022

ប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងរៀបចំ សម្រាប់ការទទួលជ័យជម្នះជាបន្តបន្ទាប់របស់ពួកគេ។ កាល​ពី​ថ្ងៃ​ចន្ទ លោក​បាន​ព្រមាន​ទាហាន​រុស្ស៊ី​នៅក្នុង​ប្រទេស​របស់​លោក​ថា ពួកគេ​មាន​ជម្រើស​តែ​ ២ ប៉ុណ្ណោះ គឺ​រត់​គេច ឬ​ចុះចាញ់។ លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថា «បង្កហានិភ័យ» ដល់ពិភពលោកទាំងមូល។ ការិយាល័យរបស់គាត់ក៏បានចេញផ្សាយវីដេអូមួយ បង្ហាញពីមីស៊ីលរបស់រុស្សី ដែលវាយប្រហារទីតាំងមួយនៅតំបន់ Mykolaiv។ តំបន់នោះរួមមានរោងចក្រនុយក្លេអ៊ែរ Pivdennoukrainsk ដែលធំជាងគេទី២ របស់អ៊ុយក្រែនផងដែរ។

មន្ត្រី ជាមួយប្រតិបត្តិករថាមពលជាតិ Energoatom បានរាយការណ៍ពីការផ្ទុះ ៣០០ ម៉ែត្រ ពីរ៉េអាក់ទ័រ ប៉ុន្តែរោងចក្រ​នោះគឺនៅដំណើរការ​ជាធម្មតា ហើយពួក​គេ​ក៏មិន​បាន​រាយការណ៍​ពី​ការ​រង​របួស​ណា​មួយនោះដែរ។ យ៉ាងណា ភាគីរុស្ស៊ីមិនបានឆ្លើយតបនឹងការចោទប្រកាន់នោះទេ ប៉ុន្តែ​ពួកគេ​បាន​ប្រកាស​ថា ពួកគេ​បាន​វាយប្រហារជា​បន្តបន្ទាប់​ទៅ​ភាគ​អាគ្នេយ៍។ ពួកគេក៏បានបញ្ចេញវីដេអូដែលអះអាងថា បានបំផ្លាញកន្លែងសម្រាប់ជួសជុល HIMARS ដែលជាប្រព័ន្ធរ៉ុក្កែត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកផងដែរ។

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: