នៅតាមព្រលានយន្តហោះ កុំចិត្តល្អពេក ប្រយ័ត្ននាំទុក្ខដាក់ខ្លួនដូចករណីមួយនេះ
ម៉ាឡេស៊ី៖ ជនខិលខូចបានប្រើប្រាស់វិធីជាច្រើនក្នុងការរត់ពន្ធគ្រឿងញៀនពីប្រទេសមួយទៅកាន់ប្រទេសមួយ ហើយពេលខ្លះពួកគេថែមទាំងបានប្រើល្បិចបោកឲ្យជនស្លូតត្រង់ជួយពួកគេដោយមិនដឹងខ្លួនទៀតផង។ ជាក់ស្តែងអ្នកប្រើប្រាស់បណ្តាញសង្គម ម៉ាឡេស៊ីម្នាក់បានសរសេររៀបរាប់ថា កូនស្រីតូចរបស់គាត់ស្ទើរតែក្លាយជាអ្នករត់ពន្ធគ្រឿងញៀនទៅហើយ ព្រោះតែនាងមានចិត្តចង់ជួយស្រ្តីម្នាក់នៅក្នុងព្រលានយន្តហោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះបានឲ្យដឹងបន្ថែមថា ក្នុងថ្ងៃកើតហេតុពេល ដែលគាត់ និងកូនស្រីកំពុងតែអង្គុយចាំជើងហោះហើរនៅព្រលានយន្តហោះ ស្រាប់អ្នកមានស្រ្តីអ្នកដំណើរម្នាក់ អាយុជាង ៣០ ឆ្នាំ បានអង្គុយក្បែរកូនស្រីរបស់គាត់ និងបានជជែកគ្នាលេងមួយសន្ទុះធំ។
បន្តិចក្រោយមកស្រីរូបនោះស្រាប់តែយួរថង់ចំនួន ២ មក និងបាននិយាយថា គាត់បានទិញសូកូឡាផ្ញើរកូនរបស់គាត់នៅប្រទេសឥណ្ឌូនេស៊ី តែពេលនេះវ៉ាលីរបស់គាត់បានផ្ទុកទម្ងន់ ៧ គីឡូក្រាមគ្រប់ទម្ងន់កំណត់បាត់ទៅហើយ ដូចនេះគាត់បានសូមឲ្យក្មេងស្រីតូចជួយយួរថង់នេះឡើងលើយន្តហោះផង។ ក្មេងស្រីតូចក៏បានយល់ព្រមជួយយួរថង់ទាំង២នោះ តែដោយសំណាងល្អម្តាយរបស់ក្មេងតូចបានលួចមើលឃើញថា ការពិតស្រ្តីដែលជាម្ចាស់ថង់នោះគ្មានវ៉ាលីជាប់ខ្លួនទេគឺគាត់ដើរដោយគ្មានឥវ៉ាន់អ្វីទាល់តែសោះ ដូចនេះនាងបានគិតថាក្នុងថង់ទាំង២នោះប្រាកដជាមានរបស់ខុសច្បាប់ ហើយគាត់ក៏បានយកថង់ទាំងនោះពីដៃរបស់កូនគាត់ និងបោះវាទៅឲ្យស្រីជាម្ចាស់វិញ។ តាមរយៈបទពិសោធណ៍នេះ សូមអ្នកកុំជួយយួរឥវ៉ាន់របស់គេផ្តេសផ្ដាសឲ្យសោះ ព្រោះយើងមិនដឹងថានៅក្នុងនោះមានរបស់អ្វីនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz