អន្តរជាតិ

បុរសម្នាក់បានដុតខ្លួនឯងនៅជិតការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីប្រឆាំងនឹងការរៀបចំពិធីបុណ្យថ្នាក់រដ្ឋជូនលោក អាបេ ស៊ីនហ្សូ

BY
autoadmin
September 21, 2022

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់បានដុតខ្លួនឯងនៅជិតការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង នៅក្នុងការតវ៉ាជាក់ស្តែងមួយចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានធ្វើឃាតកាលពីប៉ុន្មានខែមុន។ បុរស​នោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដោយមានការ​​រលាក​ពេញ​ខ្លួន​ ចំណែក​ប៉ូលិស​ដែល​ព្យាយាម​ពន្លត់​ភ្លើង​ក៏​រង​របួស​ផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia

បុរសនោះមានអាយុ ៧០ឆ្នាំ និងបានសន្លប់នៅពេលដែលអាជ្ញាធរចុះទៅដល់ ហើយក្រោយមកក៏បានប្រាប់ប៉ូលីសថា គាត់បានចាក់ប្រេងដុតខ្លួនឯងដោយចេតនា ដើម្បីប្រឆាំងនឹងការប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋឱ្យលោក អាបេ ស៊ីនហ្សូ។ យ៉ាងណាក៏ដោយ ប៉ូលិស និង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​បដិសេធ​មិន​បញ្ជាក់​ពី​ឧប្បត្តិហេតុ​ដែល​បាន​កើត​ឡើងនោះទេ ខណៈក្នុងថ្ងៃពុធនេះផ្ទាល់ គឺជាខួបកំណើតគម្រប់អាយុ ៦៨ឆ្នាំ របស់លោក អាបេ ផងដែរ។ ​ឧប្បត្តិហេតុ​បានកើតឡើងនៅក្នុងសង្កាត់ Kasumigaseki នៃតំបន់ Chiyoda ក្នុងទីក្រុងតូក្យូ ហើយឥឡូវនេះ ប៉ូលីសកំពុងបើកការស៊ើបអង្កេតបន្ដទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: