ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ចោទប្រកាន់រុស្ស៊ីថា បានវិលត្រឡប់ទៅកាន់ចក្រពត្តិ និងអាណានិគមនិយមឡើងវិញ
- BY
- autoadmin
- September 21, 2022
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយបាននិយាយថា វាតំណាងឱ្យការវិលត្រឡប់ទៅកាន់ចក្រពត្តិនិយម និងយុគសម័យនៃអាណានិគមនិយម។ លោក ម៉ាក្រុង បានថ្លែងបែបនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដោយលោកបានបន្ថែមថា ប្រទេសរុស្ស៊ីបានបំពានដោយចេតនានូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បើទោះបីជាប្រទេសនេះ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។

ប្រធានាធិបតីលោក ម៉ាក្រុង បាននិយាយថា ទីក្រុងមូស្គូបានសម្រេចចិត្តត្រួសត្រាយផ្លូវសម្រាប់សង្គ្រាមឧបសម្ព័ន្ធនាពេលអនាគត ដែលកើតមានឡើងនៅអឺរ៉ុប អាស៊ី ឬអាហ្រ្វិក។ លោកថា នេះតំណាងឱ្យការវិលត្រឡប់ទៅចក្រពត្តិនិយម និងយុគសម័យអាណានិគមនិយម។ លោកក៏បានកត់សម្គាល់ដែរថា កង្វះខាតថាមពល និងអាហារដែលបណ្តាលមកពីការឈ្លានពានរបស់យោធារុស្ស៊ី អាចនឹងធ្វើឱ្យមានការបែងចែកសហគមន៍អន្តរជាតិ។
លោកបានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមប្រជាជាតិនានា ហើយលោកបានមានប្រសាសន៍ថា ប្រទេសដែលមានអព្យាក្រឹត និងនៅស្ងៀមសព្វថ្ងៃ គឺបម្រើបុព្វហេតុនៃចក្រពត្តិនិយមបែបថ្មី ហើយក្លាយជាអ្នកទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ។ លោកបានបន្ថែមថា គោលជំហររបស់បារាំងចំពោះសន្តិភាពតែងតែមានភាពច្បាស់លាស់។ លោកបានចង្អុលបង្ហាញថា ទីក្រុងប៉ារីសបានចាប់ផ្តើមចូលរួមក្នុងកិច្ចសន្ទនាជាមួយក្រុងមូស្គូ នៅមុនពេលការឈ្លានពានចាប់ផ្តើមទៅទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






