អន្តរជាតិ

ត្រីបាឡែនរាប់រយក្បាលបានជាប់គាំងយ៉ាងចម្លែក នៅលើឆ្នេរក្នុងរដ្ឋ Tasmanian របស់ប្រទេសអូស្ដ្រាលី

BY
autoadmin
September 21, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ត្រីបាឡែនជាង ២០០ក្បាល បានជាប់គាំងនៅឆ្នេរសមុទ្រក្នុងរដ្ឋ Tasmania របស់ប្រទេសអូស្ត្រាលី យ៉ាងគួរឱ្យព្រួយបារម្ភបំផុត។ ពួកវាត្រូវបានគេរកឃើញនៅតំបន់ Macquarie Harbour នៅឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ ដែលធ្លាប់ជាកន្លែងមានការជាប់គាំងស្រដៀងគ្នាដ៏អាក្រក់បំផុតកាលពី ២ ឆ្នាំមុន ខណៈពាក់កណ្តាលនៃហ្វូងត្រីបាឡែនទាំងនោះ គឺហាក់ដូចជានៅមានជីវិតនៅឡើយ។ មូលហេតុនៃការជាប់គាំងនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះត្រីបាឡែន កំពុងព្យាយាមជួយសង្គ្រោះក្រុមត្រីដែលនៅមានសង្ឃឹមរស់។

ឧប្បត្តិហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀត ដែលបានកើតឡើងនៅភាគខាងជើងរដ្ឋ Tasmania កាលពីថ្ងៃអង្គារ ដែលនាំឱ្យត្រីបាឡែនជំទង់ចំនួន ១៤ក្បាល បានស្លាប់ នៅលើកោះ King Island ក្នុងច្រកសមុទ្រ Bass ។ ចំណែកត្រីបាឡែនចំនួន ២៣០ ក្បាល ដែលត្រូវបានរកឃើញនៅតំបន់ Macquarie Harbour នៅថ្ងៃពុធនេះ ត្រូវបានគេជឿថា ជាត្រីបាឡែនប្រភេទ Pilot whales ដែលជាប្រភេទចូលចិត្តចេញមកជាហ្វូងធំៗ។

នាយកដ្ឋានបរិស្ថានរបស់រដ្ឋ Tasmania នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា អ្នកជំនាញរបស់ពួកគេកំពុងរៀបចំផែនការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការនេះនឹងមានភាពស្មុគស្មាញ ដោយសារតែទីតាំងរបស់វាពិបាកទៅដល់។ Macquarie Harbor គឺជាច្រកចូលមានជម្រៅរាក់ដ៏ធំនៅក្នុងតំបន់ នៅឯឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ ហើយត្រីបាឡែនច្រើនទៀតត្រូវបានគេរំពឹងថា នឹងអាចផុតដង្ហើមនៅយប់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: