លោក ម៉ាក្រុង បានរិះគន់ចំពោះការប្រកាសកែនទ័ពរបស់រុស្ស៊ី ហើយថា វាកាន់តែធ្វើឱ្យប្រទេសនេះនៅឆ្ងាយពីគេ
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង បានរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីលោក ពូទីន បានប្រកាសឱ្យមានការកែនទ័ពបន្ថែមទៀត ដែលទំនងជាការបង្កើនកម្លាំង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា ការប្រកាសរបស់លោក ពូទីន គឺជាកំហុសមួយ ហើយធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែនៅដាច់ឆ្ងាយពីគេ។

លោក ម៉ាក្រុង បាននិយាយថា គាត់សោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ពូទីន ដែលនឹងទាញប្រទេសរបស់លោក ជាពិសេសយុវជនរបស់រុស្ស៊ីចូលទៅក្នុងសង្រ្គាម។ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានបទឈប់បាញ់ និងសន្តិភាព។ លោកក៏បានសម្តែងក្តីសង្ឃឹមដោយនិយាយថា មនុស្សគ្រប់គ្នាអាចដាក់សម្ពាធឱ្យច្រើនលើលោក ពូទីន ដើម្បីគាត់បញ្ឈប់សង្រ្គាមនេះ ដោយសារយូរទៅវាលែងមានន័យទៀតហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ