អន្តរជាតិ

កូរ៉េខាងជើង៖ ខ្លួនមិនដែលលក់សព្វាវុធទៅឱ្យរុស្ស៊ី ហើយក៏គ្មានគម្រោងបែបនោះនៅពេលអនាគតនោះដែរ

BY
Lyda
September 22, 2022

កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនដែលលក់សព្វាវុធទៅឱ្យរុស្ស៊ីនោះទេ ហើយក៏មិនមានគម្រោងធ្វើដូច្នេះនៅពេលអនាគតនោះដែរ បន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិកបានអះអាងថា ទីក្រុងមូស្គូកំពុងងាកទៅរកទីក្រុងព្យុងយ៉ាង ដើម្បីបំពេញឃ្លាំងស្តុកសព្វាវុធរបស់ខ្លួន។ ពោលគឺមុននេះ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ីទំនងជាទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំពីកូរ៉េខាងជើង ខណៈរាល់ចលនាអាវុធរវាងប្រទេសទាំង ២ នឹងបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀតនោះ រុស្ស៊ីក៏ត្រូវបានគេចោទប្រកាន់ដែរថា បានទិញដ្រូនពីអ៉ីរ៉ង់កាលពីខែសីហា ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធរបាយការណ៍នោះ។

កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA, មន្ត្រីមិនបញ្ចេញឈ្មោះនៅក្រសួងការពារជាតិកូរ៉េខាងជើងម្នាក់ បាននិយាយថា៖«យើងមិនដែលនាំចេញអាវុធ ឬគ្រាប់ផ្ទុះទៅឱ្យភាគីរុស្ស៊ីពីមុនមកនោះទេ ហើយយើងក៏នឹងមិនមានគម្រោងនាំចេញវាដែរ»។ ខ្លួនក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និង កងកម្លាំងអរិភាពផ្សេងទៀត ថាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដើម្បីបន្តគោលដៅចំណេញផ្នែកនយោបាយ និងយោធា។ ប៉ុន្តែក្រោយមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោក John Kirby បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការទិញមិនទាន់ត្រូវបានបញ្ចប់ពេញលេញទេ ហើយមិនមានភស្តុតាងណាមួយដែលបង្ហាញថា សព្វាវុធនឹងត្រូវប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែននោះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: