ថៃនឹងចេញវិធានការចាត់ថ្នាក់ជំងឺកូវីដ-១៩ ឡើងវិញនៅថ្ងៃសុក្រនេះពី «ជំងឺឆ្លងដ៏គ្រោះថ្នាក់» ទៅជា «ជំងឺឆ្លងស្ថិតក្រោមការឃ្លាំមើល»
- BY
- autoadmin
- September 22, 2022
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ ស្របតាមការចាត់ថ្នាក់ជំងឺ COVID-19 ថាជា «ជំងឺឆ្លងដែលកំពុងត្រូវបានឃ្លាំមើល» ខណៈដែលប្រទេសថៃ នឹងឈានចូលយុគសម័យក្រោយជំងឺរាតត្បាត ចាប់ពីថ្ងៃទី០១ ខែតុលា នេះតទៅ។ ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសចំនួន ២ កាលពីថ្ងៃចន្ទ ដើម្បីចាត់ថ្នាក់ជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជាជំងឺឆ្លងដែលកំពុងស្ថិតក្រោមការឃ្លាំមើល ដែលនឹងមានប្រសិទ្ធភាពចាប់ពីដើមខែតុលា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះ កំពុងមានភាពប្រសើរឡើងជាលំដាប់។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ គឺលោកស្រី Traisuree Traisoranakul បាននិយាយថា វិធានការរបស់ CCSA នឹងគ្របដណ្តប់លើច្បាប់ សុខភាព ទំនាក់ទំនង និងការគ្រប់គ្រង បន្ទាប់ពីរស់នៅជាមួយជំងឺ COVID-19 អស់រយៈពេលជាង ៣ ឆ្នាំ។ លោកស្រីបានបន្ថែមថា គោលបំណងនៃវិធានការ គឺដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយសុវត្ថិភាព និងបន្តការរស់នៅជាធម្មតាតាមដែលអាចធ្វើទៅបាន។ កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីក៏បានសម្រេចដកជំងឺ COVID-19 ចេញពីបញ្ជីជំងឺហាមប្រាមក្នុងចំណោមភ្ញៀវបរទេស ដែលនេះនឹងបង្កើនលទ្ធភាពឱ្យភ្ញៀវទេសចរបរទេសដែលឆ្លងជំងឺ អាចចូលមកប្រទេសថៃយ៉ាងងាយស្រួល៕
អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world
- Share This Post: