អន្តរជាតិ

អ៊ូហ្គង់ដាបានបញ្ជាក់ពីករណីជំងឺអេបូឡាថ្មីចំនួន ៧ ករណី ចំពេលមានការផ្ទុះឡើងនៃវីរុសអេបូឡាដ៏កម្រ និងមានអត្រាមរណភាពខ្ពស់

BY
Lyda
September 27, 2022

អ៊ូហ្គង់ដាបានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានបញ្ជាក់ពីករណីវីរុសអេបូឡា (Ebola) ថ្មីចំនួន ៧ ករណី រួមទាំងការស្លាប់ម្នាក់ ចំពេលមានការផ្ទុះឡើងនៃវីរុសអេបូឡាមកពីស៊ូដង់ (Sudan ebolavirus) នេះបើតាមប្រកាសនៅថ្ងៃព្រហស្បតិ៍ ដោយលោក Henry Kyobe មេបញ្ជាការឧប្បត្តិហេតុនៅក្នុងក្រសួងសុខាភិបាលរបស់ប្រទេសនេះ។ លោក Kyobe បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំដោយការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកសម្រាប់ទ្វីបអាហ្រ្វិក ដែលមានមូលដ្ឋាននៅទីក្រុង Brazzaville របស់សាធារណរដ្ឋកុងហ្គោ ដោយបានបន្ថែមថា «ជំងឺនេះហាក់ដូចជាបានចាប់ផ្តើមនៅដើមខែកញ្ញា»។

លោក Kyobe បាននិយាយថា ការស្លាប់ចំនួន ១ ករណី ដោយវីរុសអេបូឡានេះ គឺបានកើតឡើងនៅមុនពេលមានការបញ្ជាក់ពីការផ្ទុះឡើង ដោយកត់សម្គាល់ថា អាជ្ញាធរសុខាភិបាលកំពុងតាមដានអ្នកដែលមានទំនាក់ទំនង និងបង្កើតមជ្ឈមណ្ឌលព្យាបាល។ នេះក៏ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលវីរុសអេបូឡាមកពីស៊ូដង់ ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ូហ្គង់ដា ខណៈប្រទេសនេះក៏ធ្លាប់បានប្រឈមនឹងប្រភេទ Zaire ក្នុងការផ្ទុះឡើងនៅឆ្នាំ២០១៩។ វ៉ាក់សាំងជំងឺអេបូឡាដែលមានស្រាប់ បានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងប្រភេទ Zaire ប៉ុន្តែវាមិនទាន់ច្បាស់ថា តើវាអាចប្រឆាំងនឹងប្រភេទមកពីស៊ូដង់ដែរ ឬទេ នេះបើយោងតាមការប្រកាសរបស់ ​​WHO។

អេបូឡា គឺជាជំងឺធ្ងន់ធ្ងរ ដែលជារឿយៗប៉ះពាល់ដល់មនុស្ស និងពពួកសត្វស្វាដទៃទៀត ហើយវាមាន ៦ ប្រភេទផ្សេងគ្នា ដែល ៣ ក្នុងចំណោមនោះគឺ Bundibugyo, ស៊ូដង់ និង Zaire ដែលធ្លាប់បានបង្កឱ្យមានការផ្ទុះឡើងធំៗកាលពីមុន។ អត្រាមរណភាពករណីនៃវីរុសមកពីស៊ូដង់ ក៏បានប្រែប្រួលពី ៤១% ទៅ ១០០% នៅក្នុងការផ្ទុះកាលពីលើកមុន។

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: