អន្តរជាតិ

ពលរដ្ឋជាបុរសរបស់រុស្ស៊ី បានសម្រុកចាកចេញពីប្រទេស បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យមានការកែនទ័ពទូទាំងប្រទេស

BY
autoadmin
September 23, 2022

ពលរដ្ឋរុស្ស៊ី​កំពុង​សម្រុក​ចាកចេញ​ពី​ប្រទេស​របស់ពួកគេ ដែលអាចមើលឃើញបាននៅតាមច្រកព្រំដែន បន្ទាប់ពីមានការប្រកាសពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យមានការកែនទ័ពចំនួន ៣០០,០០០ នាក់ នៅទូទាំងប្រទេសកាលពីថ្ងៃពុធ ដែលទំនងជាការកោះហៅសម្រាប់សង្គ្រាមនៅអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងនិយាយថា របាយការណ៍អំពីការភៀសខ្លួននេះ គឺជាការបំផ្លើស។ ប៉ុន្តែនៅតាមព្រំដែនជាមួយប្រទេសហ្សកហ្ស៊ី គេឃើញមានជួររថយន្តប្រវែងរាប់គីឡូម៉ែត្រ រួមទាំងពលរដ្ឋជាបុរសជាច្រើនដែលកំពុងព្យាយាមគេចពីសង្រ្គាមផងដែរ។

បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ BBC ថា ​គាត់​បាន​យក​លិខិត​ឆ្លង​ដែន​មកតាមខ្លួន ​ដោយ​គ្មានរបស់​អ្វី​ផ្សេង​ទៀតទេ ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​ប្រធានាធិបតីលោក ពូទីន ព្រោះ​គាត់នៅក្នុង​ក្រុម​ដែល​អាច​ត្រូវ​បាន​គេ​បញ្ជូនទៅធ្វើសង្គ្រាម។ សាក្សីខ្លះបានប៉ាន់ប្រមាណថា ជួររថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យ Upper Lars មានប្រវែងប្រហែល ៥ គីឡូម៉ែត្រ ខណៈដែលក្រុមផ្សេងទៀតបាននិយាយថា ពួកគេបានចំណាយពេល ៧ ម៉ោង ដើម្បីឆ្លងកាត់ច្រកព្រំដែន។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអ្នកបើកបរមួយចំនួន បានទុករថយន្ត ឬរថយន្តដឹកទំនិញរបស់ពួកគេជាបណ្តោះអាសន្នក្នុងចរាចរណ៍ដែលជាប់គាំង។ គួរឱ្យដឹងដែរថា ហ្សកហ្ស៊ីគឺជាប្រទេសជិតខាងមួយក្នុងចំនោមប្រទេសជិតខាងមួយចំនួន ដែលជនជាតិរុស្សីអាចចូលបានដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: