អន្តរជាតិ

តំបន់ចំនួន ៤ របស់អ៊ុយក្រែនដែលគាំទ្រទីក្រុងមូស្គូ កំពុងរៀបចំធ្វើប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ីនៅថ្ងៃសុក្រនេះ

BY
Lyda
September 23, 2022

តំបន់ចំនួន ៤ របស់ប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី និងកងកម្លាំងគាំទ្រទីក្រុងមូស្គូ កំពុងរៀបចំធ្វើប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា នេះផ្ទាល់ ហើយការបោះឆ្នោតនេះ កំពុងត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយលោកខាងលិចថា មិនស្របច្បាប់ និងជាបុព្វហេតុនៃឧបសម្ព័ន្ធខុសច្បាប់។ ក្រុមមេដឹកនាំដែលលើកបន្តុបដោយរុស្ស៊ីកាលពីថ្ងៃអង្គារ បានប្រកាសពីផែនការសម្រាប់ការបោះឆ្នោតនេះ ខណៈអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក្រៅច្បាប់នោះទេ។

ការបោះឆ្នោតនៅក្នុងខេត្ត Luhansk, Donetsk, Kherson និង Zaporizhzhia ដែលតំណាងឱ្យប្រហែល ១៥% នៃទឹកដីអ៊ុយក្រែន នឹងត្រូវដំណើរការចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអង្គារ។ ជម្រាបដែរថា ការបោះឆ្នោតប្រជាមតិត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនខែដោយអាជ្ញាធរដែលគាំទ្រទីក្រុងមូស្គូ ប៉ុន្តែជ័យជម្នះនាពេលថ្មីៗនេះរបស់អ៊ុយក្រែន នៅក្នុងការដណ្ដើមបានទឹកដីមួយចំនួនធំមកវិញ ក៏បានជំរុញឱ្យពួកមន្ត្រីទាំងនោះត្រូវរៀបចំកាលវិភាគឡើងវិញ។ ជាមួយគ្នានេះដែរ អ៊ុយក្រែនបានរិះគន់ចំពោះការបោះឆ្នោតនេះថា គឺជាលេស ដូចដែលរុស្ស៊ីបានធ្វើដាក់ឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: