អន្តរជាតិ

វីដេអូបុរសដឹកជញ្ជូនអាហារតាមផ្លូវអាកាសនៅអារ៉ាប៊ីសាអូឌីត កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម

BY
autoadmin
September 27, 2022

ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសដឹកជញ្ជូនម្នាក់ (Deliveryman) បានដឹកជញ្ជូនទំនិញទៅកាន់អគារខ្ពស់មួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយការហោះហើរទំនើបខ្លាំងមែនទែន! យោងតាមវីដេអូដែលបានចែកចាយនោះវាបានបង្ហាញថា បុរសនោះបានដឹកជញ្ជូនដោយប្រើប្រាស់យានម៉្យាងសម្រាប់ការហោះហើរ និងផ្លាស់ទីពីប៉មមួយទៅប៉មមួយទៀតយ៉ាងស្ទាត់ជំនាញ។ យ៉ាងណាក៏ដោយ គេនៅមិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់​អំពី​ក្រុមហ៊ុន​ដែលបម្រើសេវាកម្ម ឬ​ទីតាំង​ជាក់លាក់នៃ​ដឹកជញ្ជូននោះឡើយ។

រំលឹកដែរថា កន្លងមកយើងក៏ធ្លាប់បានឃើញវីដេអូនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដោយភោជនីយដ្ឋានមួយចំនួនជុំវិញពិភពលោក ដើម្បីចែកចាយភីហ្សា និងការបញ្ជាទិញអាហារ ព្រោះឧបករណ៍ទាំងនោះវាអាចកំណត់ទីតាំងអតិថិជនតាមរយៈ GPS និងកាមេរ៉ាវីដេអូ ដើម្បីធានាថា ពួកគេទៅដល់អ្នកទទួលត្រឹមត្រូវក្នុងរយៈពេលខ្លី តិចជាង ១ ភាគ ៤ បើប្រៀបនឹងការដឹកជញ្ជូនធម្មតា។ ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាកាន់តែទំនើបជាងមុនទៅទៀត។

គួរឱ្យកត់សម្គាល់ដែរថា ឧស្សាហកម្មចែកចាយអាហារពិភពលោកកំពុងកើនឡើង ១០% ជារៀងរាល់ឆ្នាំ ហើយទំហំនៃទីផ្សារនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៦៥ ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ខណៈពេលដែលប្រទេសនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ក៏មិនអាចមើលរំលងពីវិស័យនេះផងដែរ ដោយសារប្រាក់ចំណូលរបស់វិស័យនេះមានលើសពី ៩ ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំ២០២១ ដែលជាការកើនឡើងប្រហែល ៧៥% បើធៀបនឹងខែមីនា ឆ្នាំ២០២០៕

អត្ថបទ៖ លីដា
ប្រភព៖ Gulf Today

Share This Post: