ប្រទេសថៃនឹងធ្វើឱ្យស្របច្បាប់សម្រាប់ការរំលូត ចំពោះស្ត្រីមានផ្ទៃពោះក្នុងរយៈពេល ២០ សប្ដាហ៍ដំបូង
- BY
- autoadmin
- September 28, 2022
រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា បានឱ្យដឹងថា ប្រទេសថៃនឹងធ្វើឱ្យការរំលូតក្លាយជារឿងស្របច្បាប់ ដែលជាការបន្ធូរបន្ថយមួយកម្រិតចំពោះអ្នកផ្ទៃពោះចំពោះ ផ្ទុយនឹងនីតិវិធីវេជ្ជសាស្រ្តដែលបានដាក់កម្រិតកាលពីមុន។ កន្លងមក ការរំលូតកូនមិនមែនជារឿងស្របច្បាប់នោះទេ លើកលែងនៅក្រោមករណីរំលោភ ឬការគំរាមកំហែងដល់អាយុជីវិតរបស់ម្តាយ ប៉ុន្តែវាត្រូវបានបន្ធូរបន្ថយកាលពីខែកុម្ភៈឆ្នាំមុន សម្រាប់ស្ត្រីដែលមានគភ៌ក្នុងអំឡុងពេល ១២ សប្ដាហ៍។ យ៉ាងណាក៏ដោយ វានៅតែមានការមាក់ងាយយ៉ាងខ្លាំងជុំវិញនីតិវិធីនេះ ជាមួយនឹងករណីដ៏កក្រើកកាលពីឆ្នាំ២០១០ នៅពេលសពគភ៌ដែលត្រូវរំលូតដោយខុសច្បាប់ប្រហែល ២,០០០ ត្រូវបានរកឃើញនៅក្នុងវត្តមួយកន្លែង។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារបាននិយាយថា ការរំលូតនឹងត្រូវបានអនុញ្ញាត ចាប់តាំងពីពេលដែលស្ត្រីបានរកឃើញថាខ្លួនមានគភ៌ រហូតដល់រយៈពេល ២០ សប្ដាហ៍ ចាប់តាំងពីការស្វែងរកសេវាវេជ្ជសាស្ត្រដំបូង ដោយបន្ថែមថា ការរំលូតនេះនឹងមិនរាប់បញ្ចូលជាឧក្រិដ្ឋកម្មនោះទេ។ កាលពីមុន ការរំលូតកូនត្រូវផ្តន្ទាទោស ដោយពិន័យជាប្រាក់រហូតដល់ ១០,០០០ បាត (២៦៣ ដុល្លារអាមេរិក) ឬដាក់ពន្ធនាគាររយៈពេល ៦ខែ ឬទាំងពីរ។
សេចក្តីជូនដំណឹងនៅក្នុង Royal Gazette កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះលើសពី ១២ សប្តាហ៍ (លើសពីច្បាប់អនុញ្ញាពីមុន) ប៉ុន្តែក្រោម ២០ សប្តាហ៍ នៃការស្វែងរកការរំលូតកូនដោយស្របច្បាប់ ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យឱ្យបានជាក់លាក់។ ពួកគេក៏នឹងត្រូវតែពិគ្រោះជាមួយអ្នកប្រឹក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីទទួលបានព័ត៌មានទាំងអស់ មុនពេលសម្រេចចិត្តបញ្ចប់ការមានផ្ទៃពោះរបស់ពួកគេ។ ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: