អន្តរជាតិ

ទីភ្នាក់ងារអវកាសណាសាត្រូវផ្អាកការបង្ហោះរ៉ុក្កែតទៅឋានព្រះចន្ទ ដោយសារមានការរំខានពីព្យុះសង្ឃរា Ian

BY
autoadmin
September 28, 2022

ព្យុះសង្ឃរា Ian (អៀន) កំពុងរំកិលខ្លួនទៅកាន់រដ្ឋផ្លរីដា ដែលធ្វើឱ្យទីភ្នាក់ងារអវកាសណាសារបស់អាមេរិក ត្រូវប្រមូលរ៉ុក្កែត និងយានអវកាស សម្រាប់ដំណើររុករកលើឋានព្រះចន្ទរបស់ខ្លួន ចេញពីកន្លែងបាញ់បង្ហោះនៅក្នុងរដ្ឋ ហើយបញ្ជូនវាត្រឡប់ទៅកន្លែងវិស្វកម្មវិញ ដោយនឹងពន្យារពេលបាញ់បង្ហោះរហូតដល់ពាក់កណ្តាលខែតុលា។ មន្ត្រីណាសា បាននិយាយកាលពីថ្ងៃអង្គារថា រ៉ុក្កែត Space Launch System និងយានអវកាស Orion បានត្រឡប់មកវិញដោយសុវត្ថិភាពនៅក្នុងអគារដំឡើងយាន នៅមជ្ឈមណ្ឌលអវកាស Kennedy ។ ពួកគេនិយាយថា ពួកគេនឹងជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើមថ្មី បន្ទាប់ពីព្យុះសង្ឃរា Ian កន្លងផុតទៅ។

រំលឹកផងដែរថា ទីភ្នាក់ងារនេះត្រូវបង្ខំឱ្យមានការពន្យារពេលចេញដំណើររបស់ខ្លួន នៅក្នុងខែសីហា និងដើមខែកញ្ញា ដោយសារការលេចធ្លាយប្រេង និងបញ្ហាម៉ាស៊ីន ហើយតាំងពីពេលនោះមក វិស្វករក៏បានជួសជុលកន្លែងដែលមានបញ្ហារួចហើយដែរ។ រ៉ុក្កែត Space Launch System គ្រោងនឹងបញ្ជូនយាន Orion ដែលគ្មានមនុស្សបើកទៅកាន់គន្លងរបស់ឋានព្រះច័ន្ទ។ វាគឺជាជំហានដំបូងនៅក្នុងកម្មវិធី Artemis ដែលជាគម្រោងរុករកលើឋានព្រះចន្ទអន្តរជាតិ ដែលមានគោលបំណងបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទវិញនៅឆ្នាំ២០២៥។ គម្រោងរុករកលើឋានព្រះចន្ទនេះ នឹងជាលើកដំបូងចាប់តាំងពីកម្មវិធី Apollo នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: