ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman Al Saud ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់អារ៉ាប៊ីសាអូឌីត
- BY
- autoadmin
- September 28, 2022
ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់អារ៉ាប៊ីសាអូឌីត។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសទៅទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួនកាលពីថ្ងៃអង្គារថា ស្តេច Salman bin Abdulaziz បានបញ្ជាឱ្យរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Mohammed ដើម្បីជំនួសតំណែងរបស់ទ្រង់ជានាយករដ្ឋមន្ត្រីថ្មី។ ក្រឹត្យនេះគឺជាការផ្លាស់ប្តូរអំណាចជាបន្តបន្ទាប់ ពីព្រះមហាក្សត្រដែលមានព្រះជន្ម ៨៦ ព្រះវស្សា ទៅឱ្យព្រះអង្គម្ចាស់សំណព្វ ដែលកំពុងមានព្រះជន្ម ៣៧ វស្សា។
ពោលគឺព្រះមហាក្សត្រ Salman bin Abdulaziz បាននិងកំពុងផ្តល់អំណាចបន្ថែមបន្ដិចម្ដងៗទៅឱ្យព្រះអង្គម្ចាស់ Mohammed ខណៈដែលកន្លងមកព្រះអង្គម្ចាស់ក៏បានតំណាងឱ្យព្រះបិតា នៅក្នុងរឿងនយោបាយ និងការទូតផ្សេងៗ។
ចំណែកព្រះអង្គម្ចាស់ Abdulaziz bin Salman bin Abdulaziz Al Saud ដែលជាម្ចាស់បងរបស់ព្រះអង្គម្ចាស់ Mohammed នឹងបន្តធ្វើជារដ្ឋមន្ត្រីថាមពល ដោយទ្រង់នៅតែគ្រប់គ្រងប្រភពចំណូលដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផលិតប្រេងឈានមុខគេរបស់ពិភពលោក។ ព្រះអនុជរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Khalid bin Salman bin Abdulaziz Al Saud នឹងត្រូវដំឡើងឋានៈពីអនុរដ្ឋមន្ត្រីការពារជាតិទៅជារដ្ឋមន្ត្រីការពារជាតិ៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: