កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ចូលសមុទ្រគំរាមមុនពេលអនុប្រធានាធិបតីអាមេរិកទៅទស្សនកិច្ចនៅសេអ៊ូល
- BY
- autoadmin
- September 29, 2022
យោងតាមរយៈសារព័ត៌មាន Channel News Asia បានរាយការណ៍អំពី យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធ ទី២៨ ឆ្នាំ២០២២ ថា៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតនៃប្រទេស មួយថ្ងៃមុនអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងមកដល់ទីក្រុងសេអ៊ូល។
ដោយការបាញ់គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើងបានកើតឡើងតែ២ថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើការសមយុទ្ធយោធារួមគ្នានៅដែនទឹកភាគខាងកើតនៃប្រទេស ដែលត្រូវបានប្រើដោយនាវាផ្ទុកយន្តហោះ។ កាលពីថ្ងៃអាទិត្យ កន្លងមកកូរ៉េខាងជើងក៏បានបាញ់មីស៊ីលចូលសមុទ្រជាការឆ្លើយតបនឹងសមយុទ្ធដែរ ។ នេះបើតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានអោយដឹងថា៖ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធ បាញ់ពីស្រុកស៊ុនអាន នៅទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ១៨:១០នាទី ដល់ ១៨:២០នាទី ម៉ោងក្នុងស្រុក ធ្វើឱ្យកងទ័ពកូរ៉េខាងត្បូង បង្កើនការឃ្លាំមើល និងការរៀបចំផ្លូវអាកាស និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
នេះបើតាមឆ្មាំសមុទ្រជប៉ុនបានអោយដឹងថា៖ ការសាកល្បងកាំជ្រួចគួរឱ្យសង្ស័យមួយត្រូវបានរកឃើញ ដែលរដ្ឋមន្ត្រីការពារជាតិ Toshiro Ino បានថ្កោលទោសថា មិនអាចទទួលយកបាននូវសកម្មភាពជាច្រើនរបស់កូរ៉េខាងជើង រួមទាំងការបាញ់កាំជ្រួចម្តងហើយម្តងទៀត វាគឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងប្រទេសជាតិ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ លោកស្រី Harris គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសជប៉ុន។ ដោយលោកស្រីនឹងទៅទស្សនាតំបន់សេរី DMC ដែលជាតំបន់បំបែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ៕
អត្ថបទ៖ Bee
ប្រភព៖channelnewsasia
- Share This Post: