អន្តរជាតិ

ព្យុះសង្ឃរា Ian បានបោកបក់ចូលដល់រដ្ឋផ្លរីដាសហរដ្ឋអាមេរិក ក្នុងកម្រិតល្បឿន ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង

BY
autoadmin
September 29, 2022

ព្យុះសង្ឃរា Ian បានបោកបក់ចូលដល់រដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈវាបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកជំនន់ ហើយមន្ត្រី​អាជ្ញាធរ​កំពុងអំពាវនាវឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ដើម្បី​សុវត្ថិភាព​។ មន្ត្រីឧតុនិយមអាមេរិកបាននិយាយថា ព្យុះនេះបានបោកបក់ចូលដល់រដ្ឋនៅថ្ងៃពុធ ហើយវាគឺជាព្យុះប្រភេទទី៤ ដ៏គ្រោះថ្នាក់បំផុត។ វាមានកម្លាំងខ្យល់បក់រហូតដល់ ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្ពាធស្នូលរបស់វាគឺ 940 hectopascals (ហេកតូប៉ាស្កាល់)។

អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងបានជំរុញអ្នកស្រុកឱ្យគោរពតាមបទបញ្ជា និងការព្រមានអំពីការជម្លៀសខ្លួន ខណៈជើងហោះហើរជាច្រើនទៅកាន់រដ្ឋផ្លរីដាត្រូវបានលុបចោល ហើយសាលារៀនជាច្រើនត្រូវបានបិទ។ Walt Disney World នៅទីក្រុង Orlando បានប្រកាសថា ខ្លួននឹងបិទបរិក្ខាររបស់ខ្លួននៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ មន្ត្រី​ឧតុនិយម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​បក់​ខ្លាំង ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​ព្យុះ ដោយ​ព្រមាន​ថា វា​អាច​បង្ក​ការ​ខូចខាត​មហន្តរាយ និង​គំរាមកំហែង​អាយុជីវិត​មនុស្ស​។ កាល​ពី​ថ្ងៃ​អង្គារ ព្យុះ​សង្ឃរា Ian បាន​វាយ​ប្រហារ​ប្រទេស​គុយបា  ដោយ​បានផ្តាច់​ការផ្គត់ផ្គង់ថាមពល​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: