លិចលឺព័ត៌មានថា ចិនកំពុងសម្ងំសាកល្បងបាញ់គ្រាប់មីស៊ីលក្រោមសមុទ្រ ដែលអាចកំទេចអាមេរិកបាន តែចិនថារឿងនេះជារឿងមិនពិត
មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កាលពីខែមុខនេះចិនបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលក្រោមសមុទ្រដ៏ទំនើបមួយ ដែលមានសមត្ថភាពអាចបាញ់ដល់អាមេរិកខាងជើង។ ជាងនេះទៅទៀតប្រភពមិនផ្លូវការនេះបានអះអាងថា គ្រាប់មីស៊ីលដ៏ទំនើបរបស់ចិននោះជាប្រភេទគ្រាប់មីស៊ីល Julong-3 (JL-3) និងធ្វើការបាញ់ចេញពីនាវាមុជទឹកធន់ Type 096 Nuclear Ballistic Missile Submarine ដែលនាវាមុជទឹកប្រភេទនេះអាចផ្ទុកគ្រាប់មីស៊ីលរហូតដល់ទៅ ២៤ គ្រាប់ឯនោះ។ ចំពោះឥទ្ធិពលរបស់គ្រាប់មីស៊ីលនេះវិញត្រូវបានប្រភពដដែលអះអាងថា វាអាចបាញ់បានក្នុងរយៈចម្ងាយចន្លោះពី ១២,០០០ គីឡូម៉ែត្រ ដល់ ១៤,០០០ គីឡូម៉ែត្រ និងមានថាមពលគ្រប់គ្រាន់ក្នុងការកំទេចអាមេរិកមួយផ្នែកធំ និងទីតាំងយោធារបស់អាមេរិកទាំងមូលទាំងម្តង។
យ៉ាងណាក្តី ខាងតំណាំងរដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះបានចេញមកបញ្ជាក់ថា ព័ត៌មាននេះមិនមែនជាការពិតទេ ហើយភាគីចិនសូមច្រានចោលខ្លឹមសារដូចខាងលើនេះទាំងស្រុងតែម្តង។ តាមអ្នកជំនាញផ្នែកនយោបាយ និងវិទ្យាសាស្ត្រសង្គមជាច្រើនបានបញ្ចេញមតិថាព័ត៌មានក្លែងក្លាយខាងលើនេះ ទំនងជាការញុះញង់ដើម្បីឲ្យអាមេរិក និងចិនកាន់តែមានកំហឹងជាមួយគ្នាប៉ុណ្ណោះ ខណៈពេលនេះចិននិងអាមេរិកកំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាស្រាប់ទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail