អន្តរជាតិ

ប្រទេស​ស្កុតឡែនបានបញ្ចេញលិខិតមរណភាព បញ្ជាក់ពីមូលហេតុនៃការសោយ​ព្រះ​ពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth II

BY
autoadmin
September 30, 2022

អាជ្ញាធរនៃប្រទេស​ស្កុតឡែន​បាន​បញ្ជាក់​ថា ម្ចាស់ក្សត្រី Elizabeth II ទ្រង់​សោយ​ព្រះ​ពិរាល័យដោយសារ ​«ជរាភាព» នេះបើតាមការចុះផ្សាយរបស់កាសែត វ៉ាស៊ីនតោនប៉ុស្ដិ៍ ។ កំណត់ត្រាជាតិនៃប្រទេសស្កុតឡេន បានបោះពុម្ពលិខិតមរណភាពរបស់ទ្រង់កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីមូលហេតុនៃការសោយព្រះពិរាល័យរបស់ទ្រង់ជាលើកដំបូងបំផុត។ ឯកសារនោះបាន​បញ្ជាក់​ថា ទ្រង់​​បានសោយ​ព្រះ​ពិរាល័យនៅ​វេលា​ម៉ោង ​៣ ​និង ​១០​ នាទី​រសៀល កាលពីថ្ងៃទី០៨ ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា នៅឯប្រាសាទ Balmoral។

នៅមុនថ្ងៃ​សោយ​ព្រះ​ពិរាល័យរបស់ទ្រង់រយៈពេល ២ថ្ងៃ ព្រះម្ចាស់ក្សត្រី Elizabeth ក៏បានយាងចេញមកតែងតាំងអ្នកស្រី Liz Truss ជានាយករដ្ឋមន្ត្រីថ្មីដោយផ្ទាល់ ទៅតាមទំនៀមទំលាប់របស់ចក្រភពអង់គ្លេសផងដែរ។ ចំណែកមឈូសរបស់ទ្រង់ត្រូវបានគេតម្កល់ទុកនៅក្នុងវិហារ St. George’s Chapel of Windsor Castle នៅជិតទីក្រុងឡុងដ៍ ដែលបានបើកជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូង ចាប់តាំងពីការសោយ​ព្រះ​ពិរាល័យរបស់ទ្រង់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជារាស្ត្ររបស់ទ្រង់បានតម្រង់ជួរយ៉ាងវែងនៅមុខវិមាន Windsor តាំងពីព្រឹកថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

Share This Post: