អន្តរជាតិ

ស្ដែងៗ! ព្យុះសង្ឃរា Ian ក្របួចយករថយន្ត McLaren P1 តម្លៃជាង 1.5 លានដុល្លារអាមេរិក អណ្ដែត​តាមទឹក​ ខណៈម្ចាស់ទើបតែទិញបានមួយអាទិត្យ

BY
autoadmin
September 30, 2022

ព្យុះសង្ឃរា Ian បាននិងកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក និងជាពិសេសក្នុងរដ្ឋ Florida ជាមួយនឹងភ្លៀងជោគជាំ និងខ្យល់បក់ខ្លាំង ដែលបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានរថយន្តប្រណីត McLaren P1 មួយគ្រឿង ដែលម្ចាស់របស់វាទើបតែទិញថ្មីថ្មោងបានមួយអាទិត្យប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងទឹកក្របួចយកទៅត្រាំទឹកជាមួយផងដែរ។ រថយន្ត McLaren P1 មួយគ្រឿងនោះ គឺជាកម្ម​សិទ្ធិ​របស់ម្ចាស់គណនី Instagram ឈ្មោះ Lambo9286 ដែលមានឈ្មោះពិតថា Ernie ហើយរថយន្តនោះ ទើបតែត្រូវបានគេថតបង្ហោះចំនួន ១២ លើកប៉ុណ្ណោះ ចាប់តាំងពីពេលទិញវាមក។

ការបង្ហោះពីគណនី Instagram ផ្សេងគ្នាមួយទៀត ក៏បានបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសផ្ទាល់ខ្លួនរបស់គាត់ ហើយទឹកបានហូរចូលយ៉ាងលឿន ខ្ពស់ជាងកង់រថយន្ត P1 របស់គាត់ទៅទៀត។ ត្រង់​ចំណុច​នេះ ​រថយន្ត​គឺ​ស្ទើរ​លិចទាំងស្រុង​រួច​ទៅ​ហើយ ប៉ុន្តែ​វា​មិនចប់ត្រឹមប៉ុណ្ណឹងទេ! រថយន្ត McLaren មួយគ្រឿងនោះ ត្រូវបានកម្លាំងទឹកក្របួចចេញពីហ្គារាសនៅជាន់ផ្ទាល់ដីរបស់គាត់ចេញក្រៅតែម្ដង បើទោះបីជាហ្គារាសរបស់លោក Ernie បានបិទទ្វារក៏ដោយ។

រថយន្ត McLaren P1 គឺមានកម្ពស់ 46.8 អ៉ីញ ឬ 118.9 សង់ទីម៉ែត្រ ហើយនៅមុនពេលថតវីដេអូនោះ ទឹកជំនន់គឺមានកម្ពស់ប្រមាណ 1.22 ម៉ែត្រ ទៅហើយ។ រថយន្ត McLaren P1 របស់លោក Ernie គឺជារថយន្តមួយក្នុងចំណោមរថយន្តម៉ាក P1 ទាំង 375 គ្រឿង របស់ McLaren ហើយវាត្រូវបានគេប៉ាន់ស្មានថា មានតម្លៃលើសពី $1.5 លានដុល្លារអាមេរិកឯណោះ។ មិនមែនតែ McLaren P1 មួយគ្រឿងនោះទេ លោក Ernie ក៏បានខូចខាតរថយន្ត Rolls-Royce Phantom របស់គាត់ ដែលចតនៅក្បែររថយន្ត P1 នៅក្នុងហ្គារាសផ្ទាល់ខ្លួននោះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Car Scoops

Share This Post: