BREAKING! រសៀលម៉ោង ៣ ថ្ងៃនេះ តុលាការធម្មនុញ្ញរបស់ថៃនឹងប្រកាសសាលក្រមលើរឿងក្ដីរបស់លោក ប្រាយុទ្ធ ចាន់អូចា
- BY
- autoadmin
- September 30, 2022
តំបន់ក្រោមការត្រួតពិនិត្យមួយត្រូវបានប្រកាសឡើង នៅជុំវិញតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅឯបរិវេណអគាររដ្ឋាភិបាល ចែង វឌ្ឍនា (Chaeng Watthana Government Complex) មុនការប្រកាសសាលក្រម លើការកាន់តំណែងរបស់ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃសុក្រនេះ។ វានឹងរឹតបន្ដឹងរាល់សមាជិកសាធារណៈទាំងអស់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ ហើយអ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព។ សេចក្តីប្រកាសស្ដីពីតំបន់ក្រោមការគ្រប់គ្រង ដែលចុះហត្ថលេខាដោយប្រធានតុលាការលោក Worawit Kangsasithiam បាននិយាយថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតមាន នៅក្នុងកំឡុងពេលអានសាលក្រម។
ប៉ូលីសមកពីស្ថានីយ៍ Thung Song Hong ក៏បានបង្កើតប៉ុស្តិ៍បញ្ជាការនៅជាន់ផ្ទាល់ដីរបស់អគារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលរបាំងដែកចល័តត្រូវបានដំឡើងនៅជុំវិញបរិវេណនោះផងដែរ។ ចំណែកចៅក្រមតុលាការធម្មនុញ្ញ ក៏បានបើកការប្រជុំចាប់ពីម៉ោង ៩ ព្រឹកថ្ងៃសុក្រ ដើម្បីពិភាក្សាលើសំណុំរឿង និងបោះឆ្នោតលើសេចក្តីសម្រេចដែលនឹងត្រូវចេញនៅម៉ោង ៣ រសៀលនេះ។ សេចក្តីសម្រេចនេះនឹងត្រូវផ្សាយបន្តផ្ទាល់តាមបណ្តាញចែកចាយវីដេអូ YouTube របស់ការិយាល័យតុលាការធម្មនុញ្ញនៅ https://www.youtube.com/c/สํานักงานศาลรัฐธรรมนูญ ។
រំលឹកផងដែរថា តុលាការធម្មនុញ្ញាថៃ កាលពីថ្ងៃទី២៤ ខែសីហា បានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ បន្ទាប់ពីទទួលយកញត្តិរបស់គណបក្សប្រឆាំង ដែលទាមទារឱ្យមានការសម្រេចថា តើលោក ប្រាយុទ្ធ បានឈានដល់កាលកំណត់របស់រដ្ឋធម្មនុញ្ញ ដែលបានចែងថា នាយករដ្ឋមន្រ្តីអាចកាន់តំណែងតែ ២ អាណត្តិ ឬ ៨ឆ្នាំ ដែរ ឬទេ។ ជាក់ស្ដែងលោក ប្រាយុទ្ធ បានចូលកាន់តំណែងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធាដែលគាត់បានដឹកនាំ នៅក្នុងខែឧសភា ឆ្នាំដដែលនោះ ហើយវាគឺគ្រប់ ៨ឆ្នាំ នៅចំថ្ងៃព្យួរតំណែងរបស់លោកផ្ទាល់តែម្ដង។ ទោះយ៉ាងណាក៏ដោយ លោកបានអះអាងថា អាណត្តិរយៈពេល ៨ឆ្នាំ របស់លោក គួរតែត្រូវបានរាប់ចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានប្រកាសឱ្យប្រើ៕
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post: