អូស្ត្រាលីនឹងបញ្ចប់លក្ខខណ្ឌនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកជំងឺកូវីដ១៩ ចាប់បីពាក់កណ្ដាលខែតុលា
- BY
- autoadmin
- September 30, 2022
ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួននឹងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខែក្រោយនេះតទៅ។ នាយករដ្ឋមន្ត្រីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ទទួលបានភាពស៊ីសង្វាក់គ្នា ជាមួយនឹងលទ្ធផលជាក់ស្ដែង និងផ្តល់ឱ្យប្រជាជននូវភាពប្រាកដប្រជាកាន់តែច្រើន ហើយគ្មានការភ័ន្តច្រឡំ។ យ៉ាងណាក៏ដោយ បុគ្គលិកនៅក្នុងផ្នែកថែទាំសុខភាព និងអ្នកមានហានិភ័យខ្ពស់ផ្សេងទៀត នឹងនៅតែត្រូវបានទាមទារឱ្យនៅដាច់ដោយឡែកពីគេដដែល។
ជម្រាបដែរថា អូស្ត្រាលីបន្តកត់ត្រាករណីជំងឺ COVID-19 ប្រហែល ៥,០០០ ករណីក្នុងមួយថ្ងៃ។ ការដាក់ឱ្យនៅឯកោជាកាតព្វកិច្ច គឺជាការរឹតបន្តឹងជំងឺ COVID-19 ដែលនៅសេសសល់ចុងក្រោយបង្អស់ក្នុងប្រទេសនេះ ខណៈការពាក់ម៉ាសនៅតែជាកាតព្វកិច្ចនៅក្នុងមន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត។ លោក Albanese ក៏បាននិយាយផងដែរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កន្លែងធ្វើការដែលមានហានិភ័យខ្ពស់នឹងបន្ត។ ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលីសង្ឃឹមថា នឹងធ្វើឱ្យសេដ្ឋកិច្ចមានងើបឡើង ដោយការស្តារមកវិញនូវរបៀបរស់នៅមុនការរាតត្បាត៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: