អន្តរជាតិ

ពលរដ្ឋខ្មែរ ២នាក់ ត្រូវបានប៉ូលីសជប៉ុនចាប់ខ្លួនពីបទលួចកាត់ខ្សែភ្លើងប្រវែងប្រហែល ២ គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ ៦លានយ៉េន

BY
autoadmin
October 1, 2022

ជប៉ុន៖ យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Yahoo និង FNN របស់ជប៉ុនបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ២នាក់ រស់នៅក្នុងក្រុង Oizumi របស់ខេត្ត Gunma ត្រូវបានចាប់ខ្លួនពីបទលួចខ្សែភ្លើងតម្លៃ ៦ លានយ៉េន (ជាង ៤១,៤០០ ដុល្លារ) ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅភូមិ Miura ខេត្ត Ibaraki ។ ជនជាតិខ្មែរទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Thi Sotiara អាយុ ២៤ឆ្នាំ ជាបុគ្គលិកបណ្តោះអាសន្ន និងបុរសអត់ការងារធ្វើម្នាក់ទៀត មានឈ្មោះថា Cui Sureyaw មានអាយុ ២២ឆ្នាំ។

យោងតាមទីស្នាក់ការប៉ូលីសខេត្ត Gunma បានឱ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែកក្កដា អ្នកទាំង ២ បានឃុបឃិតជាមួយគ្នីគ្នា ដើម្បីលួចខ្សែភ្លើងប្រហែល ២ គីឡូម៉ែត្រ តម្លៃប្រមាណ ៦លានយ៉េន ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្នុងភូមិ Miura ហើយបានឈានទៅដល់ការចាប់ខ្លួនអ្នកទាំង២។

ឥឡូវនេះប៉ូលីសកំពុងស៊ើបអង្កេតករណីនេះបន្ថែមទៀត ដោយសារតែការខូចខាតស្រដៀងគ្នានេះ បានកើតឡើងម្តងរួចមកហើយនៅក្នុងខេត្ត Gunma ប៉ុន្តែពួកគេបានចាប់ខ្លួនមនុស្ស ២នាក់ ដោយដាក់សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការខូចខាតនៅក្នុងខេត្ត Ibaraki ផ្អែកលើវីដេអូកាមេរ៉ាសុវត្ថិភាព។ យ៉ាងណា ប៉ូលិស​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​បុរស​ទាំង ២ នាក់​នោះ​ទេ ដោយ​លើក​ឡើង​ថា ​មាន​ឧបសគ្គ​ក្នុង​ការ​ស៊ើបអង្កេត។

នៅខេត្ត Gunma របស់ប្រទេសជប៉ុន មានករណីចោរលួចជាច្រើន ដែលផ្តោតលើខ្សែភ្លើងពីរោងចក្រថាមពលពន្លឺព្រះអាទិត្យចាប់តាំងពីប្រហែលខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ៕

អត្ថបទ៖ លីដា
ប្រភព៖ YahooFNN

Share This Post: