រដ្ឋាភិបាលកំពុងពិចារណានឹងសាងសង់ទីជម្រកជម្លៀស ចំពេលមានការការគំរាមកំហែងដោយមីស៊ីលនាពេលថ្មីៗនេះ
- BY
- autoadmin
- October 4, 2022
ប្រធានខុទ្ទកាល័យជប៉ុនលោក Matsuno Hirokazu បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាថា តើទីជម្រកជម្លៀសគួរតែត្រូវបានសាងសង់ឡើង សម្រាប់ការគំរាមកំហែងដោយមីស៊ីលចំពេលមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀត ឬទេ។ ជាក់ស្ដែងប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់កាលពីខែសីហា ខណៈមីស៊ីលផ្លោងមួយចំនួនដែលត្រូវបានបាញ់បង្ហោះ បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងពីលទ្ធភាពដែលចិននឹងព្យាយាមផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំងបាយ ខណៈដែលខ្លួនបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់។

លោក Matsuno បាននិយាយថា រដ្ឋាភិបាលកំពុងសិក្សាមុខងារចាំបាច់ និងបញ្ហាដែលអាចកើតមាន ទាក់ទងនឹងគ្រឿងបរិក្ខារដែលអាចផ្ទុកមនុស្សបានក្នុងរយៈពេលជាក់លាក់ណាមួយ។ លោកបានបន្ថែមថា ខ្លួនកំពុងមើលករណីនៅប្រទេសផ្សេងទៀតជាផ្នែកនៃការត្រួតពិនិត្យ។ លោកបានបន្ថែមថា រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ចាប់តាំងពីសារពើពន្ធឆ្នាំ២០២១ លើការកំណត់អគាររឹងមាំ និងកន្លែងក្រោមដីជាជម្រកជម្លៀសបណ្តោះអាសន្ន។ លោកប្ដេជ្ញាខិតខំបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពសាធារណៈក្នុងករណីមានអាសន្ន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






