អន្តរជាតិ

មហាសេដ្ឋីលោក Elon Musk បានប្ដូរចិត្តចង់ទិញ Twitter ម្ដងទៀត នៅក្នុងការត្រឡប់មកវិញយ៉ាងភ្ញាក់ផ្អើលមួយ

BY
autoadmin
October 5, 2022

មហាសេដ្ឋីលោក Elon Musk បានផ្លាស់ប្តូរចិត្តចង់ទិញបណ្ដាញ Twitter ម្តងទៀត ហើយឥឡូវនេះ គាត់ក៏សុខចិត្តបន្តដំណើរការក្នុងការទិញយកបណ្ដាញសង្គមមួយនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ នៅក្នុងលិខិតមួយទៅកាន់ក្រុមហ៊ុន លោក Musk បានយល់ព្រមបង់ថ្លៃដែលគាត់បានដាក់សំណើកាលពីប៉ុន្មានខែមុន នៅមុនពេលដែលគាត់ព្យាយាមដើរចេញពីកិច្ចព្រមព្រៀងនោះ។ ការ​ត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះ បាន​កើត​មាន​តែ​ប៉ុន្មាន​សប្តាហ៍​ មុន​ពេល​ភាគី​ទាំង​ ២ ​ត្រូវ​ចូល​ខ្លួន​ក្នុង​តុលាការ ដោយសារភាពកិកកុករបស់លោក Musk ។

នៅក្នុងលិខិតនោះ មេធាវីរបស់លោក Musk បាននិយាយថា គាត់មានបំណងឆ្ពោះទៅមុខ ដើម្បីបញ្ចប់ប្រតិបត្តិការ រង់ចាំការទទួលហិរញ្ញប្បទាន និងការបញ្ចប់ការតស៊ូតាមផ្លូវច្បាប់។ អ្នកនាំពាក្យរបស់ Twitter បានទទួលស្គាល់ថា ក្រុមហ៊ុនបានទទួលសំណើនេះ ដោយបន្ថែមថា «ចេតនារបស់ក្រុមហ៊ុន គឺចង់បិទប្រតិបត្តិការក្នុងតម្លៃ ៥៤.២ ដុល្លារ ក្នុងមួយហ៊ុន» ដែលជាតម្លៃដែលលោក Musk បានសន្យាកាលពីខែមេសា។ ជោគជ័យសម្រាប់ Twitter បានធ្វើឱ្យភាគហ៊ុនរបស់ខ្លួនកើនឡើងលើសពី ២០% ដល់ជាង ៥២ ដុល្លារក្នុងមួយហ៊ុន។ ប៉ុន្តែតម្លៃនេះនៅតែទាបជាងតម្លៃកាន់កាប់យករបស់លោក Musk ដែលជាសញ្ញាមួយនៃភាពស្រពេចស្រពិលរបស់វិនិយោគិន ដែលសង្ស័យថា កិច្ចព្រមព្រៀងនេះនឹងដំណើរការរួច ឬអត់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: