អន្តរជាតិ

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបន្ថែម ២ គ្រាប់ទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

BY
autoadmin
October 6, 2022

ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២ គ្រាប់ទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលើកនេះគេជឿថា វាត្រឹមតែធ្លាក់ក្នុងសមុទ្រជប៉ុនប៉ុណ្ណោះ ហើយទំនងជានៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ នេះ​ជាការ​បាញ់​សាកល្បង​លើក​ទី​៦​ របស់​កូរ៉េខាងជើង​ ក្នុង​រយៈពេល​ ១២​ ថ្ងៃចុងក្រោយនេះ​។ កាល​ពី​ថ្ងៃ​អង្គារ ទីក្រុង​ព្យុងយ៉ាង​ក៏បានបង្កើនការប្រុងជើងរបស់ខ្លួនផងដែរ បន្ទាប់​ពី​ខ្លួន​បាន​បាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ ជាមួយនឹង​មីស៊ីលផ្លោង​រយៈ​ចម្ងាយ​មធ្យម ដែល​បាន​ហោះចេញក្នុងចម្ងាយ​ ៤,៦០០ ​គីឡូម៉ែត្រ

នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានថ្កោលទោសការបាញ់បង្ហោះម្តងហើយម្តងទៀតនេះ។ គាត់បាននិយាយថា៖«ខ្ញុំបានណែនាំក្រសួងពាក់ព័ន្ធឱ្យផ្តល់ព័ត៌មានដល់សាធារណជន និងធានាសុវត្ថិភាពរបស់ប្រជាជន។ នេះជាលើកទី៦ ហើយ ដែលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលក្នុងរយៈពេលដ៏ខ្លី ចាប់តាំងពីចុងខែកញ្ញាមក។ វាមិនអាចទទួលយកបានជាដាច់ខាត»។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hamada Yasukazu បាននិយាយថា ប្រទេសជប៉ុនបានដាក់ការតវ៉ាប្រឆាំងនឹងកូរ៉េខាងជើង តាមរយៈស្ថានទូតជប៉ុននៅទីក្រុងប៉េកាំង។ លោក​ថា ការ​បាញ់​បង្ហោះ​នេះ​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព។ ការបាញ់បង្ហោះចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានរិះគន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងផ្នែកយោធា។ កាល​ពី​ថ្ងៃ​ពុធនេះ នាវា​ផ្ទុក​យន្តហោះ​អាមេរិក​មួយ​គ្រឿង​ក៏បាន​ត្រឡប់​ទៅ​ដែន​ទឹក​ភាគ​ខាង​កើត​ឧបទ្វីប​កូរ៉េផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ New York Times

Share This Post: