រូបភាពពីផ្កាយរណបថតបាន នាវាមុជទឹកយក្សបំពាក់ដោយមីស៊ីលនុយក្លេអ៊ែររបស់យោធារុស្ស៊ី កំពុងសំងំខ្លួននៅក្នុងសមុទ្របារ៉ែន ចំពេលមានការភ័យខ្លាចថាលោក Putin គ្រោងនឹងធ្វើតេស្ដនុយក្លេអ៊ែរ
- BY
- autoadmin
- October 6, 2022
រូបភាពពីផ្កាយរណបដែលត្រូវបានផ្សព្វផ្សាយដោយ Naval News បានបង្ហាញថា នាវាមុជទឹកនុយក្លេអ៊ែរដ៏ធំរបស់យោធារុស្ស៊ី កំពុងលាក់ខ្លួនជុំវិញសមុទ្របារ៉ែន (Barents Sea) របស់មហាសមុទ្រអាកទិក ខណៈមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើតេស្តនុយក្លេអ៊ែរនាពេលឆាប់ៗនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានDaily Mail។ នាវាមុជទឹក Belgorod ដែលមានកម្ពស់ជិត ៦០០ ហ្វីត (១៨៣ ម៉ែត្រ) បានបាត់ខ្លួនពីមូលដ្ឋានរបស់ខ្លួននៅតំបន់ Arctic Circle ហើយអាចនឹងធ្វើដំណើរទៅកាន់សមុទ្រ Kara ដើម្បីសាកល្បងនុយក្លេអ៊ែរ Poseidon នេះបើយោងតាមការលេចធ្លាយរបស់អង្គការណាតូកាលពីចុងសប្តាហ៍។

នាវាមុជទឹកនេះត្រូវបានគេឃើញនៅសមុទ្រ ចាកចេញពីទីក្រុង Severodvinsk ដែលនៅភាគខាងជើងនៃប្រទេសរុស្ស៊ីកាលពីប៉ុន្មានសប្តាហ៍មុន ហើយក្រោយមកត្រូវបានគេប្រទះឃើញនៅសមុទ្របារ៉ែន នៅថ្ងៃទី២២ និង២៧ ខែកញ្ញា។ នាវា Belogord គឺជានាវាមុជទឹកដែលធំជាងគេបំផុតនៅលើពិភព ហើយនាវានេះគឺបំពាក់ដោយមីស៊ីលនុយក្លេអ៊ែ Poseidon។ គួរឱ្យដឹងដែរថា Poseidon គឺជាមីស៊ីលក្រោមទឹក ដែលមានសមត្ថភាពធ្វើដំណើរបានឆ្ងាយ មុនពេលផ្ទុះឡើងជាមួយនឹងកម្លាំងគ្រប់គ្រាន់ ដើម្បីបង្កឱ្យមានរលកយក្សស៊ូណាមិ នៅកម្ពស់ជិត ៥០០ ម៉ែត្រ (៤៨៧.៦៨ម៉ែត្រ) ដែលនាំឱ្យមានការលិចលង់ និងជាគ្រោះមហន្តរាយ ដល់ទីក្រុងដែលនៅតំបន់ឆ្នេរ។
ប្រសិនបើការធ្វើតេស្តនេះដំណើរការទៅមុខមែន វានឹងក្លាយជាការប៉ុនប៉ងចុងក្រោយរបស់លោក ពូទីន ក្នុងការបំភិតបំភ័យប្រទេសលោកខាងលិច ជុំវិញភាពបរាជ័យរបស់គាត់នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីគាត់ត្រូវបានគេសង្ស័យថា បានបញ្ជាឱ្យមានការវាយប្រហារតាមអាកាសលើតំបន់បំពង់ឧស្ម័ន Nord Stream កាលពីសប្តាហ៍មុន។ ជម្រាបផងដែរថា មីស៊ីលនុយក្លេអ៊ែ Poseidon មានកម្លាំងផ្ទុះកម្រិត ២ មេហ្កាតោន (two megatons) ដែលខ្លាំងជាងគ្រាប់បែកបរមាណូ ដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ាច្រើនជាង ១៣០ ដង ឯណោះ ជាមួយនឹងល្បឿន ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






