អន្តរជាតិ

អាជ្ញាធរសិង្ហបុរី​ប្រកាសប្រមូល​មីកញ្ចប់ចំនួន ២ប្រភេទ ក្រោយរកឃើញមានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ដែលអាចប៉ះពាល់សុខភាពអ្នកទទួលទាន

BY
autoadmin
October 10, 2022

យោងតាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានធ្វើការប្រមូលមកវិញនូវមីកញ្ចប់ចំនួន ២ប្រភេទ បន្ទាប់ពីបានរកឃើញថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ដែលជាសារធាតុប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី សារធាតុអេទីឡែនអុកស៊ីដ គឺមិនអាចប្រើប្រាស់នៅក្នុងអាហារបានទេ ហើយត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងគ្រឿងទេសប៉ុណ្ណោះ ខណៈកម្រិតអតិបរិមាក៏មិនត្រូវលើសពី ៥០mg/kg នោះដែរ។

មីកញ្ចប់ដែលត្រូវបានអាជ្ញាធរប្រកាសយកមកវិញទាំង ២ គឺ Mie Sedaap Korean Spicy Soup ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និង Mie Sedaap Korean Spicy Chicken ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ មីកញ្ចប់ទាំង ២ ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកាលពីខែសីហាកន្លងទៅ អាជ្ញាធរក៏បានពិនិត្យរកឃើញសារធាតុអេទីឡែនអុកស៊ីដនៅក្នុងការ៉េមរបស់ក្រុមហ៊ុន Haagen-Dazs។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ស្បៀង​អាហារ​ជាតិ​សិង្ហបុរី​ ចុះ​ត្រួតពិនិត្យ​ផលិតផល​អាហារ​នានា រួមទាំងមីកញ្ចប់ រហូតដល់រកឃើញសារធាតុអេទីឡែនអុកស៊ីដនេះ ហើយគ្មានអាហារដទៃក្រៅពី Mie Sedaap មានផ្ទុកសារធាតុនេះទេ។

អាជ្ញាធរសិង្ហបុរីក៏នឹងការធ្វើការជាមួយអ្នកនាំចូល រួមទាំងអាជ្ញាធរឥណ្ឌូនេស៊ី ដើម្បីកំណត់ពីមូលហេតុ និងប្រភពដើមនៃការបន្ថែមសារធាតុអេទីឡែនអុកស៊ីដនៅក្នុងមីកញ្ចប់ប្រភេទនេះ។ គួរឱ្យដឹងផងដែរថា សារធាតុអេទីឡែនអុកស៊ីដនៅក្នុងបរិមាណតិចតួច មិនបណ្ដាលឱ្យប៉ះពាល់ដល់រាងកាយយើងនោះទេ ប៉ុន្តែបើនៅក្នុងរយៈពេលវែង ហើយយើងទទួលទានកាន់តែច្រើនឡើងៗ គឺវាអាចនឹងប៉ះពាល់ដល់សុខភាព។ ដូច្នេះប្រសិនបើមានការសង្ស័យណាមួយ អាជ្ញាធរជំរុញឱ្យអ្នកចូលចិត្តទទួលទានអាហារបែបនេះ ស្វែងរកការពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ Bee
ប្រភព៖ Channel News Asia

Share This Post: