អន្តរជាតិ

មនុស្សនិងមន្ត្រីប៉ូលីសចំនួន ៦នាក់ នឹងត្រូវប្រឈមមុខពីបទឧក្រិដ្ឋកម្ម ជុំវិញករណីរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូណេស៊ី

BY
autoadmin
October 7, 2022

ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា មនុស្សនិងមន្ត្រីប៉ូលីសចំនួន ៦នាក់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ទាក់ទងទៅនឹងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់មួយ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយនៅទីក្រុង Malang ខេត្ត East Java ។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ដែល​ធ្វើ​ឱ្យ​មាន​ការ​រត់​ជាន់​គ្នា​ក្នុងចំណោម​អ្នក​ទស្សនា​ភ័យ​ស្លន់​ស្លោ។ ប៉ូលិស​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៣១ នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ហើយរដ្ឋាភិបាលបាននិយាយថា ៣៥ នាក់ក្នុងចំណោមពួកគេ មានអាយុចន្លោះពី ៣ ទៅ ១៧ឆ្នាំ។

អគ្គស្នងការនគរបាលជាតិបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីប៉ូលិស ៣នាក់ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។ លោក​ថា នាយក​ប្រតិបត្តិ​លីក​ម្នាក់ (League executive) និង​មន្ត្រី​ ២នាក់ ដែល​ទទួល​បន្ទុក​សន្តិសុខ​ពី​ក្រុម​ម្ចាស់ផ្ទះ​ក៏​នឹង​ត្រូវ​ចោទ​ប្រកាន់​ផងដែរ។ មន្ត្រីប៉ូលីសត្រូវបានគេជឿថា បានបញ្ជាឱ្យប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បើទោះបីជាមានការហាមឃាត់ការប្រើប្រាស់របស់វានៅខាងក្នុងកីឡដ្ឋានក៏ដោយ ខណៈដែលនាយកប្រតិបត្តិរបស់លីកនេះ ត្រូវបានគេសង្ស័យថា បានធ្វេសប្រហែសការត្រួតពិនិត្យសុវត្ថិភាពកីឡាដ្ឋាន។ ចំណែកមន្ត្រីសន្តិសុខបានអនុញ្ញាតឱ្យមានអ្នកទស្សនាច្រើនលើសកម្រិត និងរារាំងដំណើរការជម្លៀសចេញ។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​ពិនិត្យ​រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ ហើយខ្លួនសង្ឃឹមថា នឹងបញ្ចប់ការស៊ើបអង្កេតក្នុងរយៈពេលមួយខែ៕

 

អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

Share This Post: