អន្តរជាតិ

កូរ៉េខាងជើងបាននិយាយថា ខ្លួន​បាន​បាញ់​សាកល្បង​គ្រូសមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន ២គ្រាប់ កាលពី​ម្សិលមិញ

BY
autoadmin
October 13, 2022

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គូ ដែលធ្វើឱ្យ​មេដឹកនាំ​លោក គីម ជុង​អ៊ុន ទទួលបាននូវភាពជោគជ័យ​មួយទៀត​ លើសមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​ប្រទេស​នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្តនេះបានធ្វើឡើងកាលពីថ្ងៃពុធ ហើយមានគោលបំណង «បង្កើនប្រសិទ្ធភាពប្រយុទ្ធ និងអនុភាព» នៃមីស៊ីលឆ្លងទ្វីប ដែលត្រូវបានបញ្ជូនទៅកាន់កងទ័ពប្រជាជនកូរ៉េសម្រាប់ប្រតិបត្តិការអាវុធនុយក្លេអ៊ែរ។

មីស៊ីលបានហោះលើសមុទ្រលឿងក្នុងរយៈពេល ២ ម៉ោង ៥០ នាទី និង ៣៤ វិនាទី តាមគន្លងរាងពងក្រពើ និងរាងលេខ ៨ ហើយបានវាយប្រហារគោលដៅរបស់ពួកគេនៅចម្ងាយ ២,០០០ គីឡូម៉ែត្រ។ ខ្លួននិយាយថា គ្រូសមីស៊ីលទាំងពីរនេះ ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រយោធារបស់កូរ៉េខាងជើង។ លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងបន្តពង្រីកប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវរាល់វិបត្តិយោធា និងសង្គ្រាមនៅពេលណាមួយ ហើយទទួលយកគំនិតផ្តួចផ្តើមទាំងស្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: