អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំបន្ថែមទៀត
- BY
- autoadmin
- October 12, 2022
តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២ បានកាត់ទោសលោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត ពីបទទទួលសំណូក។ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ ករណី ចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលអាចនាំឱ្យមានការជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ។ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

ប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ការចោទប្រកាន់ចុងក្រោយលើលោកស្រី អ៊ុងសាន ស៊ូជី គឺទាក់ទងទៅនឹងការចោទប្រកាន់ទទួលយកសំណូកពីអ្នកជំនួញម្នាក់។ ជម្រាបផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើបទចោទប្រកាន់ចំនួន ២ ដើម្បីអនុវត្តក្នុងពេលដំណាលគ្នា។ យ៉ាងណាក៏ដោយ ក្រុមប្រឆាំងយោធាបាននិយាយថា ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី គឺមានគោលបំណងរារាំងលោកស្រីមិនឱ្យចូលរួមក្នុងនយោបាយម្តងទៀត ឬ ពួកយោធាព្យាយាមចង់កាន់កាប់អំណាចបន្ដទៀត ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន។ ឥឡូវនេះលោកស្រីកំពុងត្រូវឃុំខ្លួនតែម្នាក់ឯងក្នុងរដ្ឋធានីណៃពិដោ ហើយការកាត់ទោសរបស់គាត់ត្រូវបានធ្វើឡើងនៅក្នុងតុលាការបិទទ្វារ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






