នូវែលសេឡង់កំពុងជំរុញឱ្យមានការបង់ពន្ធលើលាមកគោក្របី ដើម្បីទប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
- BY
- autoadmin
- October 13, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Arden នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីនឹងជំរុញដំណើរការច្បាប់ថ្មីមួយ ដែលនឹងតម្រូវឱ្យកសិករទាំងឡាយ ត្រូវបង់ពន្ធចំពោះការបញ្ចេញចោល (លាមក) របស់សត្វគោក្របី ឬចៀមរបស់ពួកគេ ដើម្បីជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកស្រី Ardern បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅមុខ ក្នុងការផ្លាស់ប្តូរប្រទេសនូវែលសេឡង់ ទៅកាន់អនាគតនៃការបំភាយឧស្ម័នទាប និងរក្សាការសន្យារបស់យើង ចំពោះការដាក់ពន្ធលើការបញ្ចេញចោលរបស់គោក្របីទាំងនោះ ចាប់ពីឆ្នាំ២០២៥តទៅ»។

ជម្រាបដែរថា នូវែលហ្សេឡង់គឺជាប្រទេសចិញ្ចឹម និងនាំចេញសាច់សត្វដ៏ធំបំផុតមួយ ហើយខ្លួនមានគោក្របីប្រមាណ ១០ លានក្បាល និងចៀម ២៦ លានក្បាល នៅទូទាំងប្រទេស។ វិស័យកសិកម្ម បានចូលរួមប្រមាណពាក់កណ្ដាលនៃការបំភាយឧស្ម័នសរុបរបស់ប្រទេស ដោយរួមមាន ៩១% គឺជាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏អាក្រក់ ជាមួយនឹងថាមពលកម្ដៅផែនដីច្រើនជាងកាបូនឌីអុកស៊ីតរហូតដល់ទៅ ៨០ដង នៅក្នុងរយៈពេលខ្លី។ ឥឡូវនេះ ក្រុមកសិករមិនជឿលើការអះអាងនេះទេ និងបានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេ អំពីការចំណាយខ្ពស់លើឧស្សាហនេះ។
យ៉ាងណាក៏ដោយ សំណើនេះត្រូវបានគេសង្ឃឹមថា នឹងលើកទឹកចិត្តកសិករក្នុងការកាត់បន្ថយការបញ្ចេញចោល ដោយមិនកំណត់តម្លៃខូចខាត។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលបាននិយាយថា ប្រាក់ចំណូលដែលបានប្រមូលបានពីការបង់ពន្ធនឹងត្រូវ «កែច្នៃត្រឡប់ទៅក្នុងវិស័យកសិកម្មវិញ តាមរយៈបច្ចេកវិជ្ជាថ្មី ការស្រាវជ្រាវ និងការទូទាត់ប្រាក់លើកទឹកចិត្តដល់កសិករ»។ សំណើនេះនឹងចូលទៅក្នុងការពិគ្រោះយោបល់ដែលគ្រោងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






