គ្រាប់បាល់ «Hand of God» របស់លោក Diego Maradona នៅព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦ នឹងត្រូវដាក់ដេញថ្លៃពី ២.៧ ទៅ ៣.៣ លានដុល្លារ
- BY
- autoadmin
- October 14, 2022
បាល់ដែលគេប្រើប្រាស់កំឡុងពេលកីឡាករ Diego Maradona បញ្ចូលទី «Hand of God» របស់គាត់ ទល់នឹងក្រុមអង់គ្លេសនៅព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦ ត្រូវបានដាក់ឱ្យដេញថ្លៃដោយអាជ្ញាកណ្ដាលទុយនីស៊ី ដែលធ្លាប់ជាអ្នកទទួលខុសត្រូវលើការប្រកួតមួយនោះ។ ក្រុមហ៊ុន Graham Budd Auctions បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេរំពឹងថា បាល់ Adidas ដែលមានអាយុកាល ៣៦ឆ្នាំ ដែលអាជ្ញាកណ្តាលលោក Ali Bin Nasser កំពុងថែរក្សា នឹងអាចមានតម្លៃពី ២.៧ លានដុល្លារទៅ ៣.៣ លានដុល្លារ នៅពេលដែលវាត្រូវបានដាក់លក់នៅចក្រភពអង់គ្លេស នៅថ្ងៃទី១៦ ខែវិច្ឆិកា ពោលគឺរយៈពេល ៤ ថ្ងៃមុនពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅក្នុងប្រទេសកាតាឈានចូលមកដល់។

រំលឹកដែរថា គ្រាប់បាល់ដែលបានជួយអាហ្សង់ទីននាំមុខ ១ ទល់នឹង ០ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជាមួយនឹងក្រុមអង់គ្លេស នៅក្នុងទីក្រុង Mexico City បានក្លាយជាផ្នែកមួយនៃការប្រកួត World Cup។ នៅពេលនោះកីឡាករ Maradona បានលោតឡើងដូចជាបម្រុងនឹងតែតបាល់ ក៏ប៉ុន្តែបែរជាប៉ះដៃហើយអ្នកចាំទី Peter Shilton មិនអាចចាប់ជាប់នោះទេ។ កីឡាករអង់គ្លេសបានតវ៉ានឹងអាជ្ញាកណ្តាលលោក Nasser ប៉ុន្តែអាហ្សង់ទីននៅតែបានគ្រាប់បាល់មួយនោះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Graham Budd Auctions បាននិយាយថា លោក Nasser ក៏នឹងដាក់លក់ដេញថ្លៃអាវអាជ្ញាកណ្តាលដែលគាត់បានពាក់ សម្រាប់វគ្គ 1/4 ផ្តាច់ព្រ័ត្រផងដែរ ហើយអាវមួយទៀតដែលកីឡាករ Maradona បានចុះហត្ថលេខានៅឯការជួបជុំគ្នាមួយ ក៏នឹងត្រូវដាក់ដេញថ្លៃផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






