គណៈកម្មាធិការសភាអាមេរិកចេញដីកាកោះហៅលោក ដូណាល់ ត្រាំ ជុំវិញការធ្វើកុបកម្មពីសំណាក់អ្នកគាំទ្ររបស់គាត់នៅវិមានកាពីតូល
- BY
- autoadmin
- October 14, 2022
គណៈកម្មាធិការសភាអាមេរិក បានសម្រេចចេញដីកាកោះហៅអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំមុន ទៅលើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់គណៈបក្សសាធារណរដ្ឋ។ សភាតំណាងរាស្រ្តដែលស៊ើបអង្កេតលើកុបកម្ម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកោះហៅលោក ត្រាំ ឱ្យផ្តល់សក្ខីកម្មចំពោះករណីនេះ។ ប្រធានគណៈកម្មាធិការ លោក Bennie Thompson បាននិយាយថា៖«គាត់គឺជាមនុស្សម្នាក់នៅកណ្តាលនៃរឿងរ៉ាវនៃអ្វីដែលបានកើតឡើងនៅថ្ងៃទី០៦ ខែមករា ដូច្នេះយើងចង់ឮពីគាត់»។ លោក Thompson បានសង្កត់ធ្ងន់ថា៖«គាត់ត្រូវតែទទួលខុសត្រូវ»។

យ៉ាងណាលោក ដូណាល់ ត្រាំ បានរិះគន់ទង្វើនោះ ហើយបាននិយាយនៅលើបណ្តាញសង្គមថា គណៈកម្មាធិការនេះ ចង់បំបែកបំបាក់ប្រទេសជាតិបន្ថែមទៀត។ ជម្រាបផងដែរថា ប្រសិនបើលោក ត្រាំ មិនគោរពតាមដីការបស់សភា លោកអាចនឹងត្រូវឃុំខ្លួនក្រោមបទមិនគោរពដល់ការសម្រេចរបស់សភា។ សភាក៏នឹងបោះឆ្នោតថា តើត្រូវបញ្ជូនលោក ត្រាំ ទៅកាន់នាយកដ្ឋានយុត្តិធម៌ដែរ ឬទេ? ព្រោះនាយកដ្ឋានមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តថា តើត្រូវដាក់ការចោទប្រកាន់ព្រហ្មទណ្ឌដែរ ឬយ៉ាងណា។ លោក Steve Bannon អតីតប្រធានយុទ្ធសាស្រ្តរបស់លោក ត្រាំ ធ្លាប់បានជំទាស់នឹងដីកាកោះរបស់គណៈកម្មាធិការ ហើយគាត់ក៏ត្រូវមានទោសពីបទមិនគោរពសភា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






