លោក Elon Musk បាននិយាយថា SpaceX នឹងបន្តផ្តល់មូលនិធិ Starlink សម្រាប់អ៊ុយក្រែន
- BY
- autoadmin
- October 17, 2022
មហាសេដ្ឋីអាមេរិកលោក Elon Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា SpaceX នឹងបន្តផ្តល់មូលនិធិដល់សេវាអ៊ីនធឺណេត Starlink នៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយភ្លើងសង្រ្គាម។ សេវាអ៊ីនធឺណេតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX គឺជាប្រភពទំនាក់ទំនងដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែនក្នុងអំឡុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែដូចដែល CNN បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា SpaceX បានព្រមានមន្ទីរបញ្ចកោណថា ខ្លួនអាចនឹងបញ្ឈប់ការផ្តល់មូលនិធិដល់សេវាកម្មនៅអ៊ុយក្រែន លុះត្រាតែយោធាអាមេរិកចាប់ផ្តើមចូលរួមចំណាយរាប់សិបលានដុល្លារក្នុងមួយខែ។

លិខិតនោះក៏បានស្នើសុំឱ្យមន្ទីរបញ្ចកោណទទួលយក ការស្នើមូលនិធិសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងការប្រើប្រាស់យោធារបស់ Starlink ដែល SpaceX អះអាងថានឹងត្រូវចំណាយច្រើនជាង ១២០ លានដុល្លារ សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ ហើយអាចចំណាយជិត ៤០០ លានដុល្លារ សម្រាប់រយៈពេល ១២ ខែបន្ទាប់។ គួរឱ្យដឹងដែរថា ចាប់តាំងពីពួកគេចាប់ផ្តើមមកដល់អ៊ុយក្រែនដំបូងនៅនិទាឃរដូវឆ្នាំមុន ស្ថានីយអ៊ីនធឺណិតផ្កាយរណប Starlink ដែលផលិតដោយ SpaceX របស់លោក Musk បានអនុញ្ញាតឱ្យយោធាអ៊ុយក្រែនប្រយុទ្ធ និងបន្តភ្ជាប់ទំនាក់ទំនង ទោះបីជាបណ្តាញទូរស័ព្ទ និងអ៊ីនធឺណិតត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមជាមួយរុស្ស៊ីក៏ដោយ ហើយ Starlink នៅតែបន្ដជួយរដ្ឋាភិបាលអ៊ុយក្រែន៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






