អន្តរជាតិ

គណៈកម្មាធិការសភាអាមេរិក បានកោះហៅលោក ដូណាល់ ត្រាំ ជុំវិញកុបកម្មនៅវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករាឆ្នាំមុន

BY
autoadmin
October 22, 2022

គណៈកម្មាធិការសភាអាមេរិកបានចេញដីកាមួយ ទៅកាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំមុន លើវិមានកាពីតូល ដោយហ្វូងអ្នកគាំទ្ររបស់គាត់។ គណៈកម្មាការសភាតំណាងរាស្រ្ដ ដែលស៊ើបអង្កេតកុប្បកម្មដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកោះហៅលោក ត្រាំ ដើម្បីទាមទារសក្ខីកម្មរបស់គាត់។ ក្រុមនេះនិយាយថា ខ្លួនបានប្រមូលផ្តុំភស្តុតាងដ៏ច្រើនលើសលប់ដែលថា អតីតប្រធានាធិបតីផ្ទាល់បានរៀបចំ និងត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងពហុផ្នែក ដើម្បីផ្តួលរំលំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងរារាំងការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។

ដីកានេះ ​ទាមទារ​ឱ្យ​មាន​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​បញ្ជូន​ទៅ​អង្គប្រជុំ​ ត្រឹម​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ហើយ​ថា​លោក ត្រាំ ដាក់បណ្តឹងឧទ្ធរណ៍ នៅកំឡុងចាប់ផ្តើម​ដំបូង នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា។ ប្រសិនបើ ត្រាំ មិនធ្វើតាមទេ គាត់អាចនឹងត្រូវបានឃុំខ្លួន ពីបទមើលងាយសភា។ សភាក៏នឹងបោះឆ្នោតថា តើត្រូវបញ្ជូនលោក ត្រាំ ទៅកាន់ក្រសួងយុត្តិធម៌ដែរទេ ព្រោះមានតែក្រសួងទើបមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តថា តើត្រូវនាំយកការចោទប្រកាន់ព្រហ្មទណ្ឌ ឬយ៉ាងណា។ លោក Steve Bannon អតីតប្រធានយុទ្ធសាស្រ្តរបស់លោក ត្រាំ ធ្លាប់បានជំទាស់នឹងដីកាកោះពីគណៈកម្មាធិការ ថ្ងៃទី០៦ ខែមករា។ គាត់ត្រូវបានកាត់ទោសកាលពីថ្ងៃសុក្រ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ និងពិន័យជាប្រាក់ចំនួន ៦,៥០០ ដុល្លារ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទមើលងាយសភា៕

អត្ថបទ៖ លីដា
ប្រភព៖ USA Today

Share This Post: