អន្តរជាតិ

យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង បានធ្លាក់​ចូល​អគារ​លំនៅដ្ឋាន​របស់ពលរដ្ឋនៅភាគខាងកើតប្រទេស​ស៊ីបេរី​

BY
autoadmin
October 24, 2022

យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Irkutsk ភាគខាងកើតស៊ីបេរី ដោយបានសម្លាប់អ្នកបើកយន្តហោះ ២ នាក់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំង Sukhoi Su-30 បានធ្លាក់ក្នុងអំឡុងពេលហោះហើរសាកល្បងកាលពីថ្ងៃអាទិត្យ។ ដកស្រង់​ពី​ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន ទីភ្នាក់ងារ​ព័ត៌មាន​បាន​និយាយ​ថា​ មិន​មាន​ជន​ស៊ីវិល​ណា​ម្នាក់​រង​របួស​នោះទេ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ខណៈវាគឺជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលយន្តហោះចម្បាំងមួយផ្សេងទៀតបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី១៧ ខែតុលា យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 ក្នុងបេសកកម្មហ្វឹកហ្វឺន បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយ នៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អ្នកស្រុកយ៉ាងតិច ១៥ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: