លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត និងជាជនជាតិអង់គ្លេសអាស៊ីដំបូងបំផុតរបស់ចក្រភពអង់គ្លេស
- BY
- autoadmin
- October 25, 2022
លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររាប់សតវត្ស៍របស់អង់គ្លេស និងជាជនជាតិអង់គ្លេសអាស៊ីដំបូងគេបំផុត ដែលទទួលតួនាទីនេះ។ រំលឹកផងដែរថា លោក Sunak បានចាញ់អ្នកស្រី Liz Truss ក្នុងខែកញ្ញា នៅក្នុងការប្រណាំងចុងក្រោយ សម្រាប់ការជ្រើសរើសប្រធានបក្សអភិរក្ស។ គាត់បានក្លាយបុគ្គលដែលគេពេញចិត្តជាងគេ នៅពេលដែលអ្នកស្រី Liz Truss បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រីនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។ បន្ទាប់មកគូប្រជែងផ្សេងទៀតរបស់លោក ក៏បានដកខ្លួនចេញក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ភាពចលាចលក្នុងបក្សអភិរក្សនេះ។

លោក Sunak បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់គាត់ថា៖«ឥឡូវនេះយើងត្រូវការស្ថិរភាព និងឯកភាព។ ហើយខ្ញុំនឹងធ្វើវាជាអាទិភាពបំផុតរបស់ខ្ញុំ ដើម្បីនាំគណបក្សយើង និងប្រទេសយើងមកជាមួយគ្នា»។ ជម្រាបដែរថា លោក Sunak បានមើលការខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសរយៈពេល ៣ ឆ្នាំ ខណៈពេលដែលកំពុងបម្រើការជាប្រធានលេខាធិការរតនាគារឱ្យអធិការបតីនៃ Exchequer ។ លោក Sunak ក៏ស្ថិតក្នុងចំណោមអ្នកមានបំផុតនៅចក្រភពអង់គ្លេសផងដែរ។ លោក Sunak នឹងត្រូវជួបជាមួយស្តេច Charles នៅថ្ងៃអង្គារនេះ បន្ទាប់មកគាត់នឹងអាចបង្កើតរដ្ឋាភិបាលរបស់គាត់ជាស្ថាពរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






