កាក់កបណាស់! ក្នុងឆ្នាំ២០១៨នេះ ថៃនាំចេញអង្ករទៅបរទេសបាន១១លានតោន
រដ្ឋាភិបាលថៃបានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា រហូតដល់ចុងឆ្នាំ ២០១៨ នេះ ខ្លួននឹងបានធ្វើការនាំចេញអង្ករទៅលក់នៅក្រៅប្រទេសបានសរុបចំនួន ១១ លានតោនតាមការគ្រោងទុក តែសម្រាប់ឆ្នាំ ២០១៩ វិញបរិមាណស្រូវនេះត្រូវបានគេព្យាករណ៍ថា អាចនឹងធ្លាក់ចុះមកត្រឹមតែ ១០ លានតោនតែប៉ុណ្ណោះ។ បើតាមលោក Boonyarit Kalayanamit ដែលជាលេខាធិការអចិន្រៃ្តយ៍ពាណិជ្ជកម្មថៃបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យការនាំអង្ករចេញមានការធ្លាក់ចុះ ដោយសារតែមានការប្រកួតប្រជែងខ្លាំង រួមជាមួយបញ្ហាគ្រោះរាំងស្ងួត ដែលនឹងកើតមាននៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៩ នេះ។
កន្លងមកប្រទេស ដែលទទួលទិញអង្ករថៃច្រើនជាងគេគឺប្រទេសចិន ក្នុងបរិមាណប្រមាណជា ១០០,០០០ តោន និងបន្ទាប់មកទៀតគឺប្រទេសហ្វីលីពីនក្នុងបរិមាណ ៨០,០០០ តោន តាមកិច្ចសន្យារបស់រដ្ឋាភិបាល និងរដ្ឋាភិបាល និងការបញ្ជាទិញជាលក្ខណៈឯកជនក្នុងបរិមាណជាច្រើនតោនបន្ថែមទៀត។ បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលថៃបានបញ្ជាក់ថា ការថយចុះនៃនាំចេញអង្ករក្នុងឆ្នាំ ២០១៩ ខាងមុននេះ មិនបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ប្រទេសថៃទេ តែវាគ្រាន់តែធ្វើឲ្យចំណូលរបស់កសិករមួយចំនួនតូចធ្លាក់ចុះបន្តិចតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost