អន្តរជាតិ

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីសហការជាមួយអ៊ុយក្រែនពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនពិឃាដរបស់រុស្ស៊ី

BY
autoadmin
October 25, 2022

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ដែលថា ប្រទេសរបស់លោកបានលក់យន្តហោះគ្មានមនុស្សបើកឱ្យទីក្រុងមូស្គូ ដែលកងកម្លាំងរុស្ស៊ីប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ីរ៉ង់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ពិនិត្យ​មើល​បញ្ហានេះ​ជាមួយ​អ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ដែលបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានទទួលអាវុធមួយចំនួនពីរុស្ស៊ីនាពេលកន្លងមក ហើយបានផ្តល់អាវុធខ្លះដល់ពួកគេវិញ ប៉ុន្តែមិនមែនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែននោះទេ។

រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បាននិយាយជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ផងដែរ ហើយតាមសេចក្តីរាយការណ៍ លោកបានប្រាប់លោក Borrell ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតក្រុមអ្នកជំនាញយោធាអ៊ីរ៉ង់ និងអ៊ុយក្រែន ដើម្បីពិនិត្យមើលការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់។ លោកបាននិយាយថា ប្រសិនបើរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បីវាយប្រហារអ៊ុយក្រែន ប្រទេសរបស់លោកនឹងមិនព្រងើយកន្តើយឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo

Share This Post: