អន្តរជាតិ

លោក Rishi Sunak នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ បន្ទាប់ពីបានជួបក្រាបបង្គំស្តេច Charles

BY
autoadmin
October 25, 2022

លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីបានជួបក្រាបបង្គំព្រះមហាក្សត្រនៅថ្ងៃអង្គារនេះ ហើយលោកនឹងត្រូវប្រកាសពីផែនការរបស់លោកសម្រាប់ចក្រភពអង់គ្លេស នៅក្នុងសុន្ទរកថាទៅកាន់សាធារណៈជនបន្ទាប់ពីនោះ។ មេដឹកនាំវ័យក្មេងបំផុតនៅក្នុងសម័យទំនើបរូបនេះ នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋនៅខាងក្រៅផ្លូវ Downing St ប្រហែលម៉ោង ១១ និង ៣៥ នាទីរសៀល មុនពេលគាត់ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងបង្រួបបង្រួមគណបក្សអភិរក្សនិយមដែលកំពុងតែប្រេះស្រាំឡើងវិញ។

ប៉ុន្តែមុនពេលលោក Rishi Sunak នឹងចូលកាន់កាប់វិមាន​ 10 Downing Street (ការិយាល័យនាយករដ្ឋមន្ត្រី) អ្នកស្រី Liz Truss នឹងរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចុងក្រោយ ក៏ដូចជាការថ្លែងសុន្ទរកថាលាគ្នា មុនពេលអ្នកស្រីធ្វើដំណើរទៅកាន់វិមាន Buckingham សម្រាប់ទស្សនិកជនចុងក្រោយរបស់អ្នកស្រី ជាមួយស្តេច Charles ។

ជម្រាបដែរថាលោក Sunak បានឈ្នះការប្រកួតជ្រើសរើសប្រធានបក្សអភិរក្សនិយមដោយគ្មានការបោះឆ្នោត បន្ទាប់ពីគូប្រជែងរបស់គាត់ គឺអ្នកស្រី Penny Mordaunt និងលោក Boris Johnson បានដកខ្លួនចេញពីការប្រកួតប្រជែង នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីការចាញ់របស់គាត់ទៅឱ្យអ្នកស្រី Liz Truss កាលពីប៉ុន្មានសប្តាហ៍មុន។ អតីតអធិការបតីរូបនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីហិណ្ឌូដំបូងគេ ជាជនជាតិអាស៊ីដំបូងគេ និងក្មេងជាងគេបំផុតក្នុងរយៈពេលជាង ២០០ឆ្នាំ របស់ចក្រភពអង់គ្លេស នៅអាយុត្រឹមតែ ៤២ ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Standard UK

Share This Post: