សម្ពោធ វិមានឈ្នះ-ឈ្នះ ថ្ងៃទី១ចប់កម្មវិធីភ្លាម ក្រុមអនាម័យបោសសំរាមភ្លែតទាំងយប់ មិនចាំដល់ព្រឹកឡើយ
កាលពីម្សិលមិញនេះ គឺជាថ្ងៃសម្ពោធជាផ្លូវការនៃវិមានអនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ” ឬ “វិមាន ឈ្នះ ឈ្នះ” ដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ដោយមានការអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន។
ពិធីសម្ពោធ “វិមាន ឈ្នះ ឈ្នះ” នេះផងដែរ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទៅនាំគ្នាចូលរួមទស្សនាស្ថាបត្យកម្មថ្មី ដែលកសាងដោយស្នាដៃកូនខ្មែរ និងចូលរួមទស្សនាកំសាន្តជាមួយកម្មវិធីតន្រ្តី និងទស្សនាពិព័រណ៍ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ជាច្រើនចាប់ពីថ្ងៃទី២៩រហូតដល់ថ្ងៃទី៣១ ធ្នូ។
បន្ទាប់ពីកម្មវិធីសម្ពោធថ្ងៃទី១បានបញ្ចប់ភ្លាម ក្រុមបងៗអនាម័យបាននាំគ្នាធ្វើការបោសសំអាតសំរាមនៅលើសួនច្បារវិមានទាំងយប់តែម្តង ដើម្បីសោភ័ណភាពរបស់វិមាន។ ហើយអាជ្ញាធរក៏បានកោតសរសើរបងប្អូនប្រជាពលរដ្ឋផងដែរ ដែលមិនបោះចោលសំរាមពាសវាលពាសកាលឡើយ ធ្វើអោយការសំអាតលើសួនច្បារវិមានប្រើរយៈពេលខ្លី៕

អត្ថបទ៖ សេម











