WHO បាននិយាយថា ជំងឺរបេងមានការកើនឡើងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីជំងឺរបេង (Tuberculosis) កំពុងមានការកើនឡើងបន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ ដោយបានសម្លាប់មនុស្សប្រមាណ ១.៦ លាននាក់ ក្នុងឆ្នាំ២០២១ ហើយវាជាការកើនឡើង ១៤% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ជំងឺរបេងដែលជាឃាតករឆ្លងដ៏ធំបំផុតរបស់ពិភពលោក បានឆក់យកជីវិតមនុស្សប្រមាណ ១.៥ លាននាក់ ក្នុងឆ្នាំ ២០២០ និង ១.៤ លាននាក់ ក្នុងឆ្នាំ២០១៩។ WHO បានបន្ទោសការផ្ទុះឡើងវិញនេះ ទៅលើជំងឺរាតត្បាត COVID-19 ដោយនិយាយថា វិបត្តិនេះបានជះឥទ្ធិពលយ៉ាងធំធេង ចំពោះការទទួលបានការពិនិត្យ និងព្យាបាលជំងឺនេះ។

WHO បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា៖«ជាសាកល ចំនួនអ្នកស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះនៅចន្លោះឆ្នាំ២០០៥ និង ២០១៩ ប៉ុន្តែការប៉ាន់ប្រមាណសម្រាប់ឆ្នាំ២០២០ និង ២០២១ បង្ហាញថា និន្នាការនេះត្រូវបានផ្លាស់ប្តូរ»។ ការស្លាប់ដោយសារជំងឺរបេងបានកើនឡើងនៅទូទាំងពិភពលោក ពិសេសគឺនៅក្នុងប្រទេសចំនួន ៥ គឺ៖ ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ របាយការណ៍បាននិយាយថា វាអាចទៅរួចដែលថាជំងឺរបេងនឹង «ជាថ្មីម្តងទៀត ជាមូលហេតុនាំមុខគេនៃការស្លាប់នៅទូទាំងពិភពលោក ពីភ្នាក់ងារឆ្លងតែមួយ ជំនួសឱ្យ COVID-19»។ ប៉ុន្តែលោក Mel Spigelman ប្រធានសម្ព័ន្ធជំងឺរបេងមិនរកប្រាក់ចំណេញបានប្រាប់ AFP កាលពីសប្តាហ៍មុនថា វាបានកើតឡើងរួចហើយ ដោយប្រៀបធៀបអត្រាមរណភាពរបស់ជំងឺរបេងប្រចាំឆ្នាំ ទៅនឹងតួលេខចុងក្រោយបំផុតនៃជំងឺ COVID-19។
WHO បាននិយាយថា មនុស្សប្រហែល ១០.៦ លាននាក់ បានធ្លាក់ខ្លួនឈឺដោយជំងឺរបេងក្នុងឆ្នាំ២០២១ ដែលកើនឡើង ៤.៥% ពីឆ្នាំ២០២០។ WHO បាននិយាយថា៖«នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលការកើនឡើងត្រូវបានគេរាយការណ៍ ពាក់ព័ន្ធនឹងចំនួនអ្នកធ្លាក់ខ្លួនឈឺដោយជំងឺរបេង និងជំងឺរបេងដែលធន់នឹងថ្នាំ»។ ហើយអត្រាឧប្បត្តិហេតុករណីថ្មីក្នុងចំនួនប្រជាជន ១០០,០០០ នាក់ក្នុងមួយឆ្នាំ បានកើនឡើង ៣.៦% នៅចន្លោះឆ្នាំ២០២០ និង២០២១ បន្ទាប់ពីបានធ្លាក់ចុះប្រហែល ២% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN