អន្តរជាតិ

អ៊ុយក្រែននិយាយថា រុស្ស៊ី​អាច​នឹងចល័ត​ទាហាន​ ៤០,០០០នាក់ ទៅកាន់​ទីក្រុង Kherson

BY
autoadmin
October 31, 2022

រុស្ស៊ីទំនងកំពុងប្រមូលផ្តុំកងទ័ព ៤០,០០០នាក់ នៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស។ អ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យនៅក្នុងសង្កាត់ចំនួន ១០ របស់តំបន់ Donetsk ភាគខាងកើត។ កងកម្លាំងអ៊ុយក្រែនត្រូវបានគេជឿថា កំពុងឆ្ពោះទៅកាន់ទីក្រុង Kherson ដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ Kherson ដើម្បីរំដោះយកទីក្រុងត្រឡប់មកវិញ។

កងទ័ពរបស់រុស្ស៊ីជាច្រើនត្រូវបានគេជឿថា ជារបស់អង្គភាពវរជន រួមទាំងកងកម្លាំងទ័ពអាកាសផងដែរ ហើយវាទំនងជានឹងចំណាយពេលប្រហែលមួយខែ សម្រាប់កងទ័ពអ៊ុយក្រែនដើម្បីរំដោះទីក្រុង Kherson យកមកវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានបង្ហាញពីទស្សនៈស្រដៀងគ្នាផងដែរថា យោធារុស្ស៊ីកំពុងដាក់ពង្រាយអង្គភាពនៅ Kherson និងតំបន់ជុំវិញ។

ជាមួយគ្នានេះ រុស្ស៊ីបានប្រកាសថា ខ្លួនបានផ្អាកមិនអនុវត្តកិច្ចព្រមព្រៀង ដែលជួយសម្រួលដល់ការនាំចេញកសិផលពីអ៊ុយក្រែនទៀតទេ។ ទីក្រុងមូស្គូបាននិយាយថា ខ្លួនមិនអាចធានាសុវត្ថិភាពរបស់កប៉ាល់ដឹកទំនិញ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះទៀតទេ ដោយលើកឡើងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើកងនាវាចរសមុទ្រខ្មៅរបស់ខ្លួននៅគ្រីមៀ។ ការលើកឡើងនេះដែរ ភាគីអ៊ុយក្រែនមិនបានឆ្លើយតបវិញភ្លាមៗនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: