ថៃរៀបចំកម្មវិធីរត់ប្រណាំង «Pattaya International Bikini Beach Race 2022» នៅតំបន់ឆ្នេរប៉ាតាយ៉ា ដែលនាំភាពសប្បាយរីករាយ និងចំណូលបន្ថែមទៀតដល់ខេត្ត
- BY
- autoadmin
- November 1, 2022
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ប្រទេសថៃបានរៀបចំកម្មវិធីរត់ប្រណាំង «Pattaya International Bikini Beach Race 2022» នៅឯតំបន់ឆ្នេរប៉ាតាយ៉ាកណ្ដាល (Central Pattaya) ដោយមានការចូលរួមពីអ្នករត់ប្រណាំងប្រមាណ ៣,០០០ នាក់ និងអ្នកទស្សនាជាច្រើនផ្សេងទៀត ដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ការប្រណាំងបានចាប់ផ្ដើមនៅម៉ោង ៥ល្ងាច ចេញពីផ្សារទំនើប Central រហូតដល់តំបន់ Walking Street នៅកំពង់ផែ Bali Hai ក្នុងខេត្តប៉ាតាយ៉ាភាគខាងត្បូង ហើយបត់ត្រង់ទៅផ្លូវកោងសណ្ឋាគារ Dusit និងត្រឡប់ទៅផ្សារទំនើបវិញ ក្នុងប្រវែងសរុបទាំងអស់ ៥ គីឡូម៉ែត្រ។

ជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខរបស់អ្នកចូលរួមគ្រប់គ្នា ក្រោមពន្លឺព្រះអាទិត្យដ៏កក់ក្តៅ និងទិដ្ឋភាពដ៏អស្ចារ្យនៃទឹកសមុទ្ររបស់ឆ្នេរប៉ាតាយ៉ា ដែលឈានចូលដល់រដូវរងា, អ្នកទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញបុរស និងស្ត្រីជាច្រើននៅក្នុងឈុតប៊ីគីនី និងឈុតហែលទឹកនៅលើឆ្នេរក្នុងពេលតែមួយ។ តារាល្បីៗក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាតារាលើអ៊ីនធឺណេត បានទាក់ទាញអ្នកថតរូបយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍នេះ ដែលនាំឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយបន្ថែមទៀត។
ទីក្រុងកាន់តែមានចំណូល ក្នុងចំណោមហាងស្រា បារ សណ្ឋាគារ ភោជនីយដ្ឋាន រទេះអាំងសាច់ សូម្បីតែឡានក្រុង និងម៉ូតូតាក់ស៊ី។ កម្មវិធីរត់ប្រណាំងនេះផងដែរ ត្រូវបានអភិបាលខេត្តឈុនបុរីលោក Thawatchai Srithong អញ្ជើញជាអធិបតី ជាមួយមន្ត្រីសំខាន់ៗរបស់សាលាក្រុង និងក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ។ ព្រឹត្តិការណ៍សំខាន់បន្ទាប់ដែលនឹងមកដល់ គឺពិធីបុណ្យ Loy Krathong ដែលនឹងប្រារព្ធឡើងនៅលើឆ្នេរនៅថ្ងៃទី០៨ ខែវិច្ឆិកា ដែលនឹងចាប់ផ្តើមនៅម៉ោង ៥ ល្ងាច ហើយនឹងមានរយៈពេលរហូតដល់ពាក់កណ្តាលអធ្រាត្រ៕





អត្ថបទ៖ លីដា
ប្រភព៖ Pattaya Mail
- Share This Post:






