រុស្ស៊ីកំពុងរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន ដែលសហរដ្ឋអាមេរិកធ្លាប់បានបណ្តុះបណ្តាល ដើម្បីបម្រើឱ្យសង្គ្រាមនៅអ៊ុយក្រែន
- BY
- autoadmin
- November 1, 2022
ប្រទេសរុស្ស៊ីកំពុងជ្រើសរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន ដែលធ្លាប់បានបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក ដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជម្រាបផងដែរថា សមាជិកនៃកងកុម្មង់ដូរបស់កងទ័ពជាតិវរជនអាហ្វហ្គានីស្ថាន (Afghanistan’s elite National Army Commando Corps) ត្រូវបានសហរដ្ឋអាមេរិកទុកចោល នៅពេលដែលពួកតាលីបង់បានកាន់កាប់ប្រទេសនេះ កាលពីក្នុងខែសីហាឆ្នាំ២០២១។ ឥឡូវនេះ កងកុម្មង់ដូបាននិយាយថា ពួកគេកំពុងត្រូវបានទាក់ទងនៅលើ WhatsApp និង Signal ជាមួយនឹងការផ្តល់ជូននានា ដើម្បីបម្រើឱ្យប្រទេសរុស្ស៊ី។ សារជ្រើសរើសដែលត្រូវបានបញ្ជាក់ដោយទស្សនាវដ្តី Foreign Policy មានខ្លឹមសារថា៖«អ្នកណាដែលចង់ទៅប្រទេសរុស្ស៊ី ជាមួយនឹងការព្យាបាលប្រសើរ និងធនធានល្អជាងមុន សូមផ្ញើឈ្មោះរបស់អ្នក ឈ្មោះឪពុក និងឋានៈយោធារបស់អ្នកមកខ្ញុំ»។

មន្ត្រីយោធា និងសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់បណ្តាញព័ត៌មានថា ពួកគេខ្លាចកងកុម្ម៉ង់ដូទាំង ១០,០០០ នាក់ អាចត្រូវបានល្បួងដោយការផ្តល់ជូនរបស់រុស្ស៊ី ព្រោះថាពួកគេជាច្រើនត្រូវបានទុកចោលឱ្យគ្មានការងារធ្វើ គ្មានអនាគតច្បាស់លាស់ គ្មានជម្រកពិតប្រាកដ ខណៈពួកគេក៏គោលដៅរបស់ពួកតាលីបង់។ កងកុម្មង់ដូអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីពួកតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន ខណៈអ្នកខ្លះទៀតក៏អស់សង្ឃឹមនឹងបានទៅជ្រកកោននៅប្រទេសលោកខាងលិច។ ដូច្នេះពួកគេអាចនឹងគិតថា វាគ្មានអ្វីនឹងត្រូវបាត់បង់នោះទេ ប្រសិនបើពួកគេទៅតាមការល្បួងនោះ។ ជាមួយគ្នានេះដែរ ភាគីរុស្ស៊ីនឹងផ្តល់សញ្ជាតិរុស្ស៊ីដល់កងកុម្មង់ដូអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការប្រយុទ្ធនៅអ៊ុយក្រែន។
ប្រភពយោធាបានជឿជាក់ថា ក្រុមដែលមកជ្រើសរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន គឺជាក្រុម Wagner Group ដែលជាអង្គភាពជ្រើសរើសកងកម្លាំងបរទេសតែមួយគត់ ដើម្បីបម្រើឱ្យប្រទេសរុស្ស៊ី។ កាលពីដើមឆ្នាំនេះ ក៏មានវីដេអូមួយបានលេចចេញឡើងពាក់ព័ន្ធនឹងលោក Yevgeny Prigozhin ដែលជាមេដឹកនាំរបស់ក្រុម Wagner Group និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន បានជ្រើសរើសអ្នកទោសរុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ជាថ្នូរនឹងជាប់ពន្ធនាគាររយៈពេលខ្លីផងដែរ។ គួរឱ្យដឹងដែរថា អង្គភាពបញ្ជាការដ្ឋានកងទ័ពជាតិវរជនអាហ្វហ្គានីស្ថាន ដែលមានអ្នកស្ម័គ្រចិត្តពី ២០,០០០ ទៅ ៣០,០០០ នាក់ ត្រូវបានបណ្តុះបណ្តាលមួយផ្នែកដោយកងកម្លាំងពិសេស US Navy SEALs និង British Special Air Service តាមគោលនយោបាយការបរទេស៕



អត្ថបទ៖ លីដា
ប្រភព៖ Business Insider
- Share This Post:






