ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានបាញ់មីស៊ីលប្រហែល ១០គ្រាប់ គិតត្រឹមថ្ងៃពុធនេះតែមួយ ឆ្លើយតបទៅនឹងសមយុទ្ធ Vigilant Storm របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

    BY autoadmin November 2, 2022
    កូរ៉េខាងជើងបានបាញ់មីស៊ីលប្រហែល ១០គ្រាប់ គិតត្រឹមថ្ងៃពុធនេះតែមួយ ឆ្លើយតបទៅនឹងសមយុទ្ធ Vigilant Storm របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

    អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) តាមរយៈសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធនេះបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រហែល ១០ ប្រភេទផ្សេងៗគ្នា រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លីឆ្ពោះទៅទិសខាងលិច និងខាងកើត។ JCS មុននេះបានបញ្ជាក់ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ត្រូវបានបាញ់បង្ហោះ ហើយក្នុងនោះមានមួយគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកចម្ងាយ ៥៧ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Sokcho ភាគខាងកើតរបស់កូរ៉េខាងត្បូង និងមួយទៀត ឆ្ពោះទៅកាន់កោះ Ulleung មុនពេលធ្លាក់ចូលទៅក្នុងទឹក ដែលជំរុញឱ្យអាជ្ញាធរមូលដ្ឋានកូរ៉េខាងត្បូង ចេញសេចក្តីប្រកាសអាសន្នដែនអាកាស។ JCS បាននិយាយថា វាគឺជាលើកទី ១ ហើយ ដែលមីស៊ីលផ្លោងរបស់កូរ៉េខាងជើងបានធ្លាក់នៅជិតដែនទឹកកូរ៉េខាងត្បូង។

    វាបាននិយាយថា៖«យើងប្រកាសថា យោធារបស់យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ យោធារបស់យើងបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ (ការបង្ករឿងនេះ)»។ ឆ្លើយតបទៅនឹងសកម្មភាពនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ក៏បានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ហើយបានបញ្ជាឱ្យចាត់វិធានការឱ្យបានឆាប់រហ័ស និងតឹងរ៉ឹង ដើម្បើយល់ឱ្យបានច្បាស់ពីការបង្ករឿងរបស់កូរ៉េខាងជើង។ ប្រទេសជប៉ុនក៏បានបញ្ជាក់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងផងដែរ ដោយនាយករដ្ឋមន្ត្រីលោក Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា លោកគ្រោងនឹងកោះហៅ «កិច្ចប្រជុំសន្តិសុខជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ការបាញ់បង្ហោះនៅថ្ងៃពុធរបស់ទីក្រុងព្យុងយ៉ាង បានកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំរយៈពេល ៥ថ្ងៃ ដែលមានឈ្មោះថា «Vigilant Storm»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: