អន្តរជាតិ

លោក Zelenskyy បានរិះគន់រុស្ស៊ីចំពោះការផ្អាកកិច្ចព្រមព្រៀងនាំចេញកសិផលរបស់អ៊ុយក្រែន

BY
autoadmin
November 2, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីការប៉ុនប៉ងបិទការនាំចេញកសិផលពីអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការការពាររយៈពេលវែងសម្រាប់ការនាំចេញនេះ។ រំលឹកដែរថា រុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្អាកដោយគ្មានកំណត់នូវការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួលការនាំចេញកសិផលពីអ៊ុយក្រែន។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​ កាល​ពី​ក្នុងខែ​កក្កដា ដោយមានការសម្របសម្រួលដោយ UN និងប្រទេសទួរគី ដោយកិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដំណើរការឡើងវិញដោយគ្មានបញ្ហា ចំពេលមានការប្រយុទ្ធគ្នាជាបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងនៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារលោក Zelenskyy បាននិយាយថា ច្រករបៀងត្រូវការការការពារដែលអាចទុកចិត្តបាន និងយូរអង្វែង ដោយកត់សម្គាល់ថា ការផ្គត់ផ្គង់អាហារមានស្ថេរភាពដល់ពិភព គឺត្រូវតែមានការយកចិត្តទុកដាក់បំផុត។ គាត់បាននិយាយថា «នេះគឺជាបញ្ហានៃជីវិតរបស់មនុស្សរាប់សិបលាននាក់»។

អង្គការសហប្រជាជាតិ និងប្រទេសទួរគី កំពុងធ្វើការដើម្បីសម្រេចបានការដឹកជញ្ជូនស្បៀងអាហារពីអ៊ុយក្រែន ដោយគ្មានការចូលរួមពីរុស្ស៊ី។ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ កប៉ាល់ដឹកទំនិញដែលផ្ទុកផលិតផលកសិកម្ម បានចាកចេញពីភាគខាងត្បូងអ៊ុយក្រែន ទោះបីជាមានការប្រកាសរបស់ទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ក៏ដោយ។ រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​របស់​អ៊ុយក្រែន ​ដោយ​គ្មាន​ការ​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ។ វាក៏និយាយផងដែរថា ខ្លួននឹងពិចារណាលើកការផ្អាកនេះ លុះត្រាតែមានការធានាថា អ៊ុយក្រែននឹងមិនប្រើប្រាស់ច្រករបៀងសម្រាប់គោលបំណងយោធា។ គួរឱ្យដឹងដែរថា អ៊ុយក្រែន​ជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​ ដល់​ទីផ្សារ​ពិភពលោក​មុន​ពេល​រុស្ស៊ី​ឈ្លានពាន​ប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: