ទើបស្គាល់គ្នាតាម Facebook សោះ ហ៊ានណាត់គ្នាចូលផ្ទះសំណាក់ ចុងក្រោយត្រូវខាងប្រុសប្លន់អស់ជាង៣ពាន់ដុល្លារ
រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ត្រូវបានបុរស ដែលទើបនឹងស្គាល់គ្នាតាម Facebook ណាត់ឲ្យមកជួបគ្នានៅផ្ទះសំណាក់ ហើយត្រូវបុរសរូបនោះដកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ និងទូរស័ព្ទគិតជាទឹកប្រាក់ជាង៣ពាន់ដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅ ផ្ទះសំណាក់បៃតង ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ហួន សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់អីវ៉ាន់ online ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ចំណែកជនសង្ស័យ ភេទប្រុស មិនស្គាល់អត្តសញ្ញាណនោះទេ។ តាមការបញ្ជាក់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យ និងរូបនាងទើបតែស្គាល់គ្នាតាម Facebook ប្រហែលជិត១ខែ ហើយជនសង្ស័យបាន Chat មកស្ត្រីរងគ្រោះសុំនាងដើរលេងជាមួយញឹកញាប់ណាស់ តែខ្លួននមិននព្រម។ លុះមុនពេលកើតហេតុជនសង្ស័យបាន Chat ណាត់ជាមួយខ្លួន ឲ្យមកជួបគ្នានៅចំណុចផ្ទះសំណាក់បៃតង ដោយបានប្រាប់នាងថា «មកជួបបងបន្តិចមក ចាំបងឲ្យលុយចំនួន១០០ដុល្លារ» ហើយបានប្រាប់ទៀតថា «បងមិនធ្វើអីទេ សូមតែអូនមកមួយភ្លេតមក»។
ពេលស្ត្រីរងគ្រោះមកដល់ដើរចូលបន្ទប់ផ្ទះសំណាក់ ជនសង្ស័យក៏បានចាប់ច្របាច់.ក ជនរងគ្រោះ ហើយយកកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិរួមមានទូរស័ព្ទ iPhone XS Max ០១គ្រឿង, ខ្សែកចំនួន០១ខ្សែ, ខ្សែដៃចំនួន០១ខ្សែ, ជញ្ជៀនពេជ្រ០១វង់ និងលុយដុល្លារចំនួន២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ និងគំរាមថា «បើង៉ែញហ៊ានស្រែកអញនឹងសំលាប់ចោល» ហើយក៏រត់ចេញក្រៅគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំខ្លួនទៅដាក់ពាក្យបណ្ដឹង និងសួរនាំបន្ត ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ចាប់ខ្លួនមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕


